យោងតាមក្រុមហ៊ុន Knight Frank បានបង្ហាញឲ្យដឹងថា ប្រទេសវៀតណាមមានសេដ្ឋីៗដែលមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ៣០លានដុល្លារ ដល់ចំនួន ១ ២៣៣ នាក់ ហើយចំនួននេះត្រូវបានព្យាករថានឹងកើនឡើង ៥៩% នៅត្រឹមឆ្នាំ២០៣១ ដែលជាអត្រាកើនឡើងលឿនបំផុតទីបួននៅលើពិភពលោក។

យ៉ាងណាមិញ តួលេខនេះត្រូវបានដកស្រង់នៅក្នុងវេទិការៀបចំផែនការហិរញ្ញវត្ថុបុគ្គលឆ្នាំ២០២៦ ដែលរៀបចំធ្វើឡើងនៅទីក្រុងហូជីមិញ កាលពីថ្ងៃទី៣ ខែតុលា ដោយលោក Chi Huynh អនុប្រធាននាយកដ្ឋានធនាគារ Asia Commercial Bank។
បើតាមរបាយការណ៍ទ្រព្យសម្បត្តិឆ្នាំ២០២៦ (Wealth Report 2026) របស់ Knight Frank បានព្យាករថា ប្រជាជនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភខ្លាំង (Ultra-High-Net-Worth) របស់វៀតណាមនឹងកើនឡើងដល់ ១ ៩៦០ នាក់នៅត្រឹមឆ្នាំ២០៣១។ ចំនួនដ៏ខ្ពស់នេះ គឺមានតែប្រទេសឥណ្ឌូណេស៊ី អារ៉ាប៊ីសាអ៊ូឌីត និងប៉ូឡូញប៉ុណ្ណោះ ដែលត្រូវបានរំពឹងថានឹងមានកំណើនលឿនជាងនេះ។
គួរឲ្យដឹងថា បច្ចុប្បន្ន ប្រទេសវៀតណាមឈរនៅចំណាត់ថ្នាក់ទី៣៩ លើពិភពលោក ផ្អែកលើចំនួនប្រជាជនដែលមានទ្រព្យសម្បត្តិសរុបយ៉ាងហោចណាស់ ៣០លានដុល្លារ។ នេះបើយោងតាមទិន្នន័យពី Visual Capitalist។
ការពង្រីកនេះឆ្លុះបញ្ចាំងពីការកើនឡើងយ៉ាងទូលំទូលាយនៃទ្រព្យសម្បត្តិហិរញ្ញវត្ថុ។ ក្រុមហ៊ុន Boston Consulting Group រំពឹងថា ទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់វៀតណាមនឹងកើនឡើងលើសពី ៩% ក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០៣០ ដែលជាអត្រាលឿនបំផុតមួយក្នុងចំណោមទីផ្សារកំពុងអភិវឌ្ឍនធំៗផ្សេងទៀត៕

