គិតមកទល់ពេលនេះ​ មហាសេដ្ឋី Jeff Bezos ចាយលុយអស់ប៉ុន្មាន ក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ?

អន្តរជាតិ

មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon បានសន្យាបរិច្ចាគទឹកប្រាក់ចំនួន ១០ពាន់លានដុល្លារ សម្រាប់សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកាលពីជិត ៧ឆ្នាំមុន ប៉ុន្តែរហូតមកដល់ពេលនេះ មូលនិធិរបស់លោកដែលទាក់ទិននឹងសកម្មភាពនេះ ទើបតែផ្តល់ជូនបានត្រឹមតែប្រមាណមួយភាគបួន (ឬស្មើនឹង ២៥%) នៃចំនួនសរុបនេះប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីឆ្នាំ២០២០ លោក Jeff Bezos បានប្រកាសពីការប្តេជ្ញាចិត្តក្នុងការវិនិយោគប្រាក់ចំនួន ១០ពាន់លានដុល្លារលើបញ្ហាការប្រែប្រួលអាកាសធាតុត្រឹមឆ្នាំ២០៣០ អមជាមួយការបង្កើតមូលនិធិ Bezos Earth Fund។ កាលនោះ លោក Bezos ដែលជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Amazon បានហៅការប្រែប្រួលអាកាសធាតុថាជា «ការគំរាមកំហែងដ៏ធំបំផុតចំពោះភពផែនដី»។ លោកជឿជាក់ថា មនុស្សជាតិអាចសង្គ្រោះផែនដីបាន ប្រសិនបើរដ្ឋាភិបាល អាជីវកម្មខ្នាតតូច និងធំ ព្រមទាំងបុគ្គលគ្រប់រូបសហការធ្វើការជាមួយគ្នា។

យ៉ាងណាមិញ បើគិតមកទល់ពេលនេះ មូលនិធិនេះទើបតែទទួលបានទឹកប្រាក់ផ្តល់ជូនប្រមាណ ២,៤ពាន់លានដុល្លារ តាមរយៈជំនួយសរុបចំនួន ៣៧១ ដល់គម្រោង និងអង្គការផ្សេងៗ។ នេះមានន័យថា លោក Bezos ត្រូវចំណាយប្រាក់ចំនួន ៧,៦ពាន់លានដុល្លារបន្ថែមទៀតក្នុងរយៈពេល ៤ឆ្នាំខាងមុខ ដើម្បីសម្រេចបានតាមគោលដៅដែលបានកំណត់ពីមុន។

ជម្រាបជូនផងដែរថា មូលនិធិរបស់ស្ថាបនិក Amazon រូបនេះ ផ្តោតលើការវិនិយោគក្នុងវិស័យធំៗចំនួន ៧។ ក្នុងនោះ វិស័យអភិរក្ស និងស្តារធម្មជាតិឡើងវិញ បានទទួលការប្តេជ្ញាចិត្តច្រើនជាងគេក្នុងចំនួន ២ពាន់លានដុល្លារ ដោយក្នុងនោះទឹកប្រាក់ជាង ៥៩០លានដុល្លារត្រូវបានផ្តល់ជូនរួចរាល់ហើយ៕