មេដឹកនាំវិស័យប្រេង និងឧស្ម័នពិភពលោកបានព្រមានថា ស្តុកប្រេងបម្រុងនៅលើពិភពលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ ដែលធ្វើឱ្យទីផ្សារបាត់បង់ឧបករណ៍ទប់ទល់នឹងហានិភ័យ និងបង្កើតសម្ពាធកាន់តែខ្លាំងឡើងលើតម្លៃថាមពល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងវេទិកាព័ត៌មានវិទ្យាថាមពល (Energy Intelligence forum) នៅទីក្រុងឡុងដ៍សប្តាហ៍នេះ លោក Amin Nasser អគ្គនាយកក្រុមហ៊ុន Saudi Aramco បានថ្លែងថា ស្តុកប្រេងពាណិជ្ជកម្មបច្ចុប្បន្នមានតិចជាង ៦ ពាន់លានបារ៉ែល។ តែទោះជាយ៉ាងណាក៏ដោយ ផ្នែកដ៏ធំនៃចំនួននេះនៅតែមិនទាន់ត្រូវបានយកមកប្រើប្រាស់នៅឡើយទេ ដែលនេះមានន័យថាប្រព័ន្ធថាមពលសកលកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង។
គិតចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាបានចាប់ផ្តើមនៅចុងខែកុម្ភៈ មក ប្រេងជាង ១ ពាន់លានបារ៉ែលត្រូវបានបញ្ចេញទៅក្នុងទីផ្សារ ដែលភាគច្រើនដកចេញពីស្តុកពាណិជ្ជកម្មនៅលើគោក។
មិនតែប៉ុណ្ណោះមេដឹកនាំវិស័យប្រេង និងឧស្ម័នបានព្រមានទៀតថា បរិមាណប្រេងនៅក្នុងឃ្លាំងស្តុកដែលអាចទាញយកមកប្រើប្រាស់បាននៅលើពិភពលោកនាពេលបច្ចុប្បន្នគឺមានកម្រិតទាបខ្លាំង។ កត្តានេះធ្វើឱ្យទីផ្សារកាន់តែប្រឈមនឹងហានិភ័យ និងបន្តដាក់សម្ពាធបន្ថែមលើតម្លៃថាមពល។
គួរជម្រាបជូនថាផងដែរថា កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កំពុងរៀបចំបញ្ចេញប្រេងឆៅ និងប្រេងម៉ាស៊ូតបន្ថែមចំនួន ១០០ លានបារ៉ែល ដើម្បីជួយកាត់បន្ថយកម្ដៅនៃតម្លៃប្រេងម៉ាស៊ូតដែលកំពុងកើនឡើងយ៉ាងកំហុក។ ហើយបើយោងតាម IEA ពិភពលោកត្រូវការប្រេងចំនួនយ៉ាងហោចណាស់ ១០២ លានបារ៉ែលក្នុងមួយថ្ងៃ៕

