ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា មិនបានព្រមព្រៀងកាត់ដីឱ្យគេនោះឡើយ ខណៈសម្តេចធិបតី ក៏បានបញ្ជាក់ថា ការវាស់វែងដីព្រំដែនជាមួយថៃនាពេលក្រោយ ត្រូវឱ្យមាន AOT ចូលរួមធ្វើជាសាក្សី។

សម្តេចធិបតី ថ្លែងបែបនេះ កាលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ក្នុងពេលអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង ដែលបញ្ចប់ការសិក្សាចំនួន ២ ០០១នាក់ នារី ១ ២៥១នាក់។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា បន្តទាមទារតែដីមានក្នុងសន្ធិសញ្ញាប៉ុណ្ណោះកម្ពុជាមិនទាមទារដីថៃនោះទេ ហើយកម្ពុជានៅតែបន្តទាមទារដីដែលកងទ័ពថៃ កាន់កាប់ដោយខុសច្បាប់។សម្តេចធិបតីថា ក្នុងប្រវត្តិសាស្ត្រការទាមទារដីពីប្រទេសថៃ មិនមែនប្រើកម្លាំងប្រដាប់អាវុធនោះទេ គឺបានពីសម្ពាធច្បាប់អន្តរជាតិ។
ជាមួយគ្នានេះ សម្តេចធិបតីថា ដីព្រំដែនចន្លោះបង្គោលព្រំដែនលេខ៥២ ទៅ៥៩ ក្នុងខេត្តបាត់ដំបង បានវាស់វែងរួចរាល់ ហើយកងទ័ពយើងក៏ឈរជើងការពារនៅតំបន់នេះ ហើយចំពោះរបងដែលថៃធ្វើ គឺធ្វើក្នុងដីរបស់គេ ដែលបានវាស់វែងរួចរាល់។ ការវាស់វែងនេះ ដីចម្ការខ្លះខ្មែរកាត់ឱ្យថៃ ហើយដីចម្ការថៃខ្លះ កាត់មកឱ្យខ្មែរ។

លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ដីដែលកងទ័ពថៃគេកាន់កាប់ដោយខុសច្បាប់ មិនអាចកាត់កាប់ជារៀងរហូតនោះឡើយ ខណៈបើមានការវាស់វែងដីព្រំដែន ដោយក្រុមគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងថៃ (JBC)នាពេលក្រោយ ត្រូវឱ្យអ្នកសង្កេតការណ៍អាស៊ាន (AOT) ចូលរួមត្រួតពិនិត្យ និងធ្វើជាសាក្សី។
ជាថ្មីម្តងទៀត សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ទៀតថា ការវ៉ៃគ្នាមិនអាចបញ្ចប់ជម្លោះព្រំដែនបានទេ «គ្មានសង្គ្រាមបញ្ចប់ដោយសង្គ្រាមទេ» នេះគឺជាគោលការណ៍មកហើយ, ជំនាន់សង្គ្រាមផ្ទៃក្នុងរបស់កម្ពុជា មិនអាចបញ្ចប់ខ្មែរក្រហមដោយសារអាវុធនោះទេ ប៉ុន្ដែបានបញ្ចប់ដោយនយោបាយ ឈ្នះ ឈ្នះ៕ អត្ថបទ៖ហ្សាលីន

