ភាគីអាល្លឺម៉ង់ បានបន្តបង្ហាញការគាំទ្រតាមរយៈកម្មវិធីជំនួយបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាព ពិសេសលើការលើកកម្ពស់គុណភាពផលិតផលកម្ពុជាឱ្យស្របតាមស្តង់ដារអន្តរជាតិ។នេះបើយោងតាមជំនួបពិភាក្សាកាលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ រវាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ចម និម្មល បានឱ្យដឹងថា ជំនួបនេះ ធ្វើឡើងដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអាល្លឺម៉ង់ ក្នុងឱកាសដែលលោកជំទាវត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាសម្រាប់អាណត្តិថ្មី។
ក្នុងជំនួបនេះដែរ ភាគីទាំងពីរ ក៏បានពិភាក្សាយ៉ាងទូលំទូលាយអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអាល្លឺម៉ង់ ដោយផ្តោតលើការជំរុញពាណិជ្ជកម្មទ្វេភាគី ការទាក់ទាញវិនិយោគ និងការពង្រឹងការតភ្ជាប់រវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីសារៈសំខាន់នៃកិច្ចការពារអ្នកប្រើប្រាស់ ការជំរុញការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងខ្សែច្រវាក់តម្លៃសកល ការពង្រឹងសមត្ថភាពផលិតកម្ម ការអនុលោមតាមស្តង់ដារអន្តរជាតិ និងការបង្កើនភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា ដើម្បីពង្រីកការចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារអន្តរជាតិផ្សេងទៀត។
លើសពីនេះ ភាគីអាល្លឺម៉ង់ ក៏បានបន្តបង្ហាញការគាំទ្រតាមរយៈកម្មវិធីជំនួយបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាព ដែលផ្តោតលើការពង្រឹងអ្នកផ្តល់សេវាគាំទ្រការនាំចេញ និងការលើកកម្ពស់គុណភាពផលិតផលស្របតាមស្តង់ដារអន្តរជាតិ។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានសម្តែងសុទិដ្ឋិនិយមថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាល្លឺម៉ង់ នឹងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមរបស់ប្រទេសទាំងពីរ៕
អត្ថបទ៖ហ្សាលីន



