យោងតាមមន្ត្រីរុស្ស៊ី និងសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ កំពុងពិភាក្សាអំពីលទ្ធភាពនៃការនាំយកក្រុមហ៊ុនវិនិយោគរបស់អាមេរិកឱ្យចូលរួមក្នុងគម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream ដោយស្វែងរកលទ្ធភាពនៃការលក់ឧស្ម័នធម្មជាតិរាវ (LNG) បន្តទៅឱ្យសហភាពអឺរ៉ុប។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា លោក Kirill Dmitriev ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងលោក Jared Kushner ប្រតិភូពិសេស និងត្រូវជាកូនប្រសាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបប្រជុំគ្នានៅទីក្រុងម៉ូស្គូ និងញូវយ៉ក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ការពិភាក្សាទាំងនេះត្រូវបានគេរាយការណ៍ថារួមបញ្ចូលទាំងលទ្ធភាពនៃការនាំយកអ្នកវិនិយោគអាមេរិកឱ្យមកគ្រប់គ្រងប្រព័ន្ធបំពង់បង្ហូរ Nord Stream ដែលធ្លាប់ជាផ្លូវដឹកជញ្ជូនឧស្ម័នពីរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់មុនពេលមានជម្លោះនៅអ៊ុយក្រែន។
គួរឲ្យដឹងថា មុនពេលមានជម្លោះនៅអ៊ុយក្រែន ប្រទេសអាល្លឺម៉ង់បាននាំចូលឧស្ម័នច្រើនជាងពាក់កណ្តាលនៃតម្រូវការរបស់ខ្លួនពីរុស្ស៊ីតាមរយៈបំពង់បង្ហូរ Nord Stream នេះ។ បន្ទាប់មកប្រព័ន្ធនេះត្រូវបានបិទនៅពេលដែលទីក្រុងម៉ូស្គូបានរឹតបន្តឹងការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប ហើយក្រោយមកត្រូវអ៊ុយក្រែនវាយប្រហារ។
គួរជម្រាបជូនថា ចាប់តាំងពីរុស្ស៊ីបានបើកយុទ្ធនាការយោធាប្រឆាំងនឹងអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ទីផ្សារឧស្ម័នអឺរ៉ុបបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង។ ចំណែកទីផ្សារនៃឧស្ម័នរុស្ស៊ីនៅក្នុងតម្រូវការសរុបរបស់ EU បានធ្លាក់ចុះពីជិត ៤០% ក្នុងឆ្នាំ២០២១ មកត្រឹមប្រហែល ១០% ក្នុងឆ្នាំ២០២៥។ យោងតាមភ្នាក់ងារថាមពលអន្តរជាតិ (IEA)៕

