ប្រទេសកូរ៉េខាងត្បូង បានប្រកាសពីផែនការផ្លាស់ប្តូរទៅរកថាមពលបៃតង ដោយផ្តោតសំខាន់លើរថយន្តអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងរ៉េអាទ័រនុយក្លេអ៊ែរកម្រិតតូច (SMR) ដោយមានទុនវិនិយោគសរុបចំនួន ៧៤៧ពាន់លានដុល្លារអាមេរិក រហូតដល់ឆ្នាំ ២០៣៥។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ESG។

កាលពីថ្ងៃទី៨ ខែតុលា ប្រភពដដែលបានរាយការណ៍អំពីយុទ្ធសាស្ត្រអន្តរកាលថាមពល និងការកាត់បន្ថយការភាយភាយឧស្ម័នកាបូនរបស់កូរ៉េខាងត្បូង (ហៅកាត់ថា K-GX) ដែលមានទំហំវិនិយោគរហូតដល់ ១ទ្រីលានវ៉ុន (ឬស្មើនឹង ៧៤៧ពាន់លានដុល្លារអាមេរិក)។
យ៉ាងណាមិញជុំវិញយុទ្ធសាស្ត្រ K-GX នេះ មានរយៈពេលរហូតដល់ឆ្នាំ២០៣៥ ដោយមានគោលបំណងពង្រីកថាមពលកកើតឡើងវិញ កែប្រែឧស្សាហកម្មធុនធ្ងន់ និងបង្កើតប្រភពកំណើនសេដ្ឋកិច្ចថ្មីៗ។
មិនតែប៉ុណ្ណោះ ដើម្បីពន្លឿនការកាត់បន្ថយឧស្ម័នកាបូន កូរ៉េខាងត្បូងកំពុងតម្រង់ទិសលើឧស្សាហកម្មចំនួនប្រាំដែលបញ្ចេញឧស្ម័នពុលច្រើនជាងគេ ដូចជាឧស្សាហកម្មដែកថែប គីមីប្រេង ការចម្រាញ់ប្រេង ស៊ីម៉ង់ត៍ ព្រមទាំងបន្ទះឈីប Semiconductors និងអេក្រង់បង្ហាញផងដែរ។
ទន្ទឹមនឹងនេះ ប្រទេសនេះក៏កំពុងជំរុញឧស្សាហកម្មបៃតងចំនួន ១០ ផ្សេងទៀត ដូចជារថយន្តអគ្គិសនី និងបច្ចេកវិទ្យាចាប់យកឧស្ម័នកាបូន។ រថយន្តអគ្គិសនី និងរថយន្តដើរដោយថាមពលអ៊ីដ្រូសែន ត្រូវបានរំពឹងថានឹងដណ្តើមយកចំណែកលើសពី ៧០% នៃការលក់រថយន្តថ្មីៗនៅឆ្នាំ ២០៣៥ ក្នុងគោលបំណងប្រែក្លាយវិស័យដឹកជញ្ជូនទៅជាប្រព័ន្ធអគ្គិសនី និងកាត់បន្ថយការភាយភាយឧស្ម័នពុល។
គួរជម្រាបជូនផងដែរថា ដោយបន្ថែមពីលើនេះ រដ្ឋាភិបាលមានបំណងគាំទ្រឧស្សាហកម្មជំនាន់ក្រោយ ដូចជាអាគុយ/ថ្មបច្ចេកវិទ្យាជឿនលឿន និងរ៉េអាទ័រនុយក្លេអ៊ែរកម្រិតតូច (SMRs) ផងដែរ៕

