ស្ថានីយសាកថាមពលយានយន្តអគ្គិសនីស្របច្បាប់នៅកម្ពុជា កើនឡើងដល់ ២៣៤ ស្ថានីយ គិតត្រឹមខែកញ្ញា ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការប្រើប្រាស់យានយន្តអគ្គិសនី (EV) នៅប្រទេសកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់រថយន្តបៃតងនៅក្នុងសង្គម។ យោងតាមរបាយការណ៍ពីអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ នេះ ចំនួនស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីស្របច្បាប់ដែលបានចុះបញ្ជីជាផ្លូវការនៅទូទាំងប្រទេស បានកើនឡើងរហូតដល់ ២៣៤ ស្ថានីយ ដែលមានទូសាកថាមពលសរុបចំនួន ៤២១ ទូសាក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំណើនដ៏គួរឱ្យកត់សម្គាល់នេះ គឺជាលទ្ធផលនៃកិច្ចសហការយ៉ាងសកម្មរវាងរាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែនិងថាមពល ជាមួយនិងក្រុមហ៊ុនវិនិយោគឯកជននានា ដើម្បីជំរុញការប្រើប្រាស់ថាមពលស្អាត និងកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស។

បច្ចុប្បន្ន ស្ថានីយសាកថ្មស្របច្បាប់ទាំងនេះ ត្រូវបានបែងចែក និងដំឡើងនៅតាមទីតាំងយុទ្ធសាស្ត្រសំខាន់ៗ តាមទីប្រជុំជនក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ ដោយខេត្តសៀមរាប ជាប់លំដាប់លេខរៀងទី២ តាមពីក្រោយរាជធានីភ្នំពេញ ដែលមានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីច្រើនជាងគេ គឺសរុប ២៣ស្ថានីយ ស្មើ ៤៣ទូសាក ។

ការរៀបចំឱ្យមានស្ថានីយសាកថ្មស្របច្បាប់ដែលមានស្តង់ដារ និងសុវត្ថិភាព មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលប្រើប្រាស់រថយន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតទំនុកចិត្តកាន់តែខ្លាំងសម្រាប់អ្នកដែលមានបំណងចង់ផ្លាស់ប្តូរមកប្រើប្រាស់រថយន្ត EV នាពេលអនាគតផងដែរ។