ក្រុមហ៊ុនមេ TikTok គ្រោងចាយលុយ ៦ពាន់លានដុល្លារ ទិញយកភាគហ៊ុនត្រលប់មកវិញ

អន្តរជាតិ

ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធីបណ្តាញសង្គម TikTok កំពុងរៀបចំផែនការទិញភាគហ៊ុនត្រឡប់មកវិញពីវិនិយោគិន ក្នុងទំហំទឹកប្រាក់រហូតដល់ ៦ពាន់លានដុល្លារ ខណៈផែនការនេះអាចជួយជំរុញតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនឲ្យកើនឡើងដល់ ៤០០ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មាន The Information ដែលបានចុះផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា បានបង្ហាញថា ការទិញភាគហ៊ុនត្រឡប់មកវិញលើកនេះ នឹងធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ខ្លួន កើនឡើងដល់ដល់ ២០% បើធៀបនឹងកម្មវិធីទិញភាគហ៊ុនកាលពីមួយឆ្នាំមុន។

គួរឲ្យដឹងថា កម្មវិធីទិញភាគហ៊ុនត្រឡប់មកវិញរបស់ ByteDance ត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ២០២២ មកម្លេះ ហើយក្រុមហ៊ុនបានអនុវត្តកម្មវិធីនេះជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានស្នើសុំពន្យារពេលកំណត់សម្រាប់ការចុះបញ្ជីនៅផ្សារហ៊ុនជាសាធារណៈ (IPO) ឬផ្តល់សិទ្ធិឱ្យម្ចាស់ភាគហ៊ុនខាងក្រៅលក់ភាគហ៊ុនទាំងអស់របស់ពួកគេត្រឡប់ទៅក្រុមហ៊ុនវិញ រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០៣០ ផងដែរ។

ជម្រាបជូនថា ក្រៅពីការទិញភាគហ៊ុនត្រឡប់មកវិញ ByteDance ក៏កំពុងបង្កើនការលើកទឹកចិត្តដល់បុគ្គលិកដែលធ្វើការក្នុងផ្នែកបញ្ញាសិប្បនិម្មិត ដើម្បីទាក់ទាញ និងរក្សាទុកអ្នកមានជំនាញខ្ពស់ ជាមួយការផ្តល់ជូនសាច់ប្រាក់ដល់វិនិយោគិន និងបុគ្គលិក តាមរយៈការទិញភាគហ៊ុនត្រលប់មកវិញនេះផងដែរ៕​