រោងចក្រឧស្ម័ន LNG របស់មហាសេដ្ឋីកំពូលឥណ្ឌូណេស៊ី ទទួលបានជំនួយឥតសំណង ១៤០លានដុល្លារពីកាណាដា

អន្តរជាតិ

ប្រទេសកាណាដា បានប្រកាសផ្តល់ជំនួយឥតសំណងចំនួន ២០០លានដុល្លារកាណាដា (ឬស្មើនឹង ១៤០លានដុល្លារ) ដល់គម្រោងរោងចក្រផលិតឧស្ម័នធម្មជាតិរាវ (LNG) ឈ្មោះ Woodfibre LNG ដែលស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគខាងលិចប្រទេសកាណាដា និងជារោងចក្រដែលទទួលបានការគាំទ្រពីមហាសេដ្ឋីលំដាប់ឥណ្ឌូណេស៊ី លោក Sukanto Tanoto។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងថាមពលកាណាដា លោក Tim Hodgson បានថ្លែងកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ថវិកានេះនឹងត្រូវបានផ្តល់ជូនជាជំនួយឥតសំណងដែលមានលក្ខខណ្ឌ ដោយការបើកទឹកប្រាក់គឺអាស្រ័យលើការដែលក្រុមហ៊ុនអាចសម្រេចបាននូវគោលដៅវិនិយោគជាក់លាក់ណាមួយនៅក្នុងប្រទេសកាណាដា។

រោងចក្ររបស់មហាសេដ្ឋី Sukanto Tanoto នេះមានទីតាំងស្ថិតនៅក្នុងតំបន់ Squamish រដ្ឋ British Columbia ហើយដំបូងឡើយត្រូវបានរចនាឡើងដើម្បីផលិតឧស្ម័ន LNG ចំនួន ២,១ លានតោនក្នុងមួយឆ្នាំ។

យ៉ាងណាមិញ បើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ថវិកាថ្មីនេះនឹងអនុញ្ញាតឱ្យរោងចក្របង្កើនសមត្ថភាពផលិតប្រចាំឆ្នាំដល់ ២,៥ ទៅ ២,៦ លានតោន ដែលជាការកើនឡើងពី ១៩% ទៅ ២៤%។

ជម្រាបជូនថា ក្រុមហ៊ុន Woodfibre LNG មានភាគហ៊ុន ៧០% គ្រប់គ្រងដោយក្រុមហ៊ុន Pacific Energy Corp. ដែលជាផ្នែកមួយនៃក្រុមហ៊ុនមេ Royal Golden Eagle (RGE)។ RGE គឺជាក្រុមហ៊ុនចម្រុះដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី បង្កើតឡើង និងដឹកនាំដោយមហាសេដ្ឋីឥណ្ឌូណេស៊ី លោក Sukanto Tanoto។ យោងតាមទស្សនាវដ្តី Forbes លោក Tanoto មានទ្រព្យសម្បត្តិសរុបប្រមាណ ២១,៥ពាន់លានដុល្លារ៕​