មហាសេដ្ឋីបច្ចេកវិទ្យាកំពូលៗ ទាំងនេះកាន់កាប់ភាគហ៊ុនប៉ុន្មានភាគរយក្នុងក្រុមហ៊ុនដែលខ្លួនបង្កើត?

អន្តរជាតិ

មិនមែនមហាសេដ្ឋីក្នុងវិស័យបច្ចេកវិទ្យាគ្រប់រូបសុទ្ធតែកាន់កាប់អំណាចទាំងស្រុង នៅក្នុងក្រុមហ៊ុនដែលខ្លួនឯងបង្កើតនោះទេ ទោះបីជាឈ្មោះរបស់ពួកគេត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយម៉ាកយីហោរបស់ក្រុមហ៊ុនក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសេដ្ឋីបច្ចេកវិទ្យាមួយចំនួននៅតែមានភាគហ៊ុនច្រើន និងអំណាចសម្រេចក្នុងដៃ ខណៈអ្នកខ្លះទៀតបានកាត់បន្ថយភាគហ៊ុន ឬមិនមានភាគហ៊ុនដោយផ្ទាល់នៅក្នុងក្រុមហ៊ុនដែលខ្លួនបានបង្កើតឡើយ។

យ៉ាងណាមិញ លោក Jensen Huang គឺជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុន Nvidia ដែលលោកសហបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣។

បន្ទាប់ពីដឹកនាំក្រុមហ៊ុនអស់រយៈពេលជាងបីទសវត្ស លោកបានលាលែងពីតំណែងនាយកប្រតិបត្តិ (CEO) របស់ Nvidia នៅថ្ងៃទី១២ ខែវិច្ឆិកា ចំពេលក្រុមហ៊ុនកំពុងប្រឈមនឹងវិបត្តិ បន្ទាប់ពីមានព័ត៌មានពាក់ព័ន្ធនឹងជីវិតឯកជនរបស់សហស្ថាបនិករូបនេះ។

ទោះបីចាកចេញពីតំណែងដឹកនាំក៏ដោយ លោក Huang នៅតែកាន់កាប់ភាគហ៊ុនក្នុងចំនួនដ៏ច្រើន។ របាយការណ៍ប្រចាំឆ្នាំសារពើពន្ធ២០២៦ របស់ Nvidia បានបង្ហាញថា គិតត្រឹមថ្ងៃទី២៣ ខែមីនា លោក Huang កាន់កាប់ភាគហ៊ុនចំនួន ៨៧០,៦ លានហ៊ុន ស្មើនឹង ៣,៥៨% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន។ បច្ចុប្បន្ន លោកគឺជាម្ចាស់ភាគហ៊ុនបុគ្គលធំបំផុតរបស់ Nvidia។

ដោយឡែក ចំពោះមហាសេដ្ឋី Elon Musk កាន់កាប់ភាគហ៊ុនជិត ២០% នៅ Tesla និងជិតពាក់កណ្តាលនៅ SpaceX។ យោងតាមឯកសារដែល Tesla ផ្ញើជូនម្ចាស់ភាគហ៊ុនក្នុងឆ្នាំ២០២៦ លោក Musk កាន់កាប់ភាគហ៊ុនចំនួន ៦៩៩,៦ លានហ៊ុន ស្មើនឹង ១៩,៨% នៃដើមទុនរបស់ក្រុមហ៊ុន Tesla ។ ចំណែកឯកសារដែលបានដាក់ជូនគណៈកម្មការមូលបត្រអាមេរិក (SEC) បង្ហាញថា លោកកាន់កាប់ភាគហ៊ុន ៤៨,៤% នៅ SpaceX ប៉ុន្តែអាចគ្រប់គ្រងសិទ្ធិបោះឆ្នោតបានលើសពី ៨២% ដោយសាររចនាសម្ព័ន្ធភាគហ៊ុនច្រើនប្រភេទ ដែលមានសិទ្ធិបោះឆ្នោតខុសៗគ្នា។

ទន្ទឹមនឹងនេះ លោក Sam Altman ដែលជាស្ថាបនិករបស់ OpenAI តែលោកមិនបានកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនដោយផ្ទាល់នោះទេ។ លោក Sam គឺជាករណីខុសពីស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត។ លោកមិនកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន OpenAI ដោយផ្ទាល់នោះទេ ទោះបីលោកកំពុងកាន់តំណែងជា CEO និងជាបុគ្គលមានឥទ្ធិពលខ្ពស់លើទិសដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនក៏ដោយ។

នៅក្នុងសវនាការនៅចំពោះមុខសភាអាមេរិកកាលពីឆ្នាំ២០២៣ លោក Sam ធ្លាប់អះអាងថា លោកមិនមានភាគហ៊ុននៅក្នុង OpenAI ទេ។ ប៉ុន្តែនៅចុងឆ្នាំ២០២៤ លោកបានបង្ហើបថា លោកធ្លាប់មានផលប្រយោជន៍វិនិយោគដោយប្រយោលតាមរយៈមូលនិធិ Sequoia Capital ប៉ុន្តែបានលក់ការវិនិយោគនោះវិញរួចហើយ។ ក្រោយមក តំណាង OpenAI ក៏បានចេញមកបញ្ជាក់អំពីរឿងនេះផងដែរ៕​