ការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន Anthropic ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី AI Claude អាចធ្វើឱ្យបុគ្គលិករាប់ពាន់នាក់ក្លាយជាអ្នកមានទ្រព្យសម្បត្តិរាប់លានដុល្លារ ខណៈបុគ្គលិកមួយចំនួនកំពុងកាន់កាប់ភាគហ៊ុនដែលមានតម្លៃរហូតដល់រាប់រយលានដុល្លារ។

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ក្រុមហ៊ុន Anthropic បានប្រមូលទុនសរុបចំនួន ៨១,៣ពាន់លានដុល្លារ តាមរយៈការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង ដែលត្រូវបានចាត់ទុកថាជាការបោះផ្សាយលក់ភាគហ៊ុនដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
យ៉ាងណាមិញ ក្រុមហ៊ុនមេរបស់កម្មវិធី AI Claude មួយនេះ បានកំណត់តម្លៃ IPO ចំនួន ៨៣ដុល្លារក្នុងមួយហ៊ុន ដែលខ្ពស់ជាងតម្លៃដែលបានគ្រោងទុកពី ៧០ទៅ ៧៨ដុល្លារក្នុងមួយហ៊ុន។ ការកំណត់តម្លៃនេះបានធ្វើឲ្យក្រុមហ៊ុនមានតម្លៃមូលធនទីផ្សារប្រមាណ ១,៥ទ្រីលានដុល្លារ។
ទន្ទឹមនឹងនេះ យោងតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុន Hill ដែលជាវេទិកាជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនឯកជននៅទីក្រុង San Francisco បានឲ្យដឹងថា បុគ្គលិក Anthropic ចំនួន ៥៩៨ នាក់ ដោយមិនរាប់បញ្ចូលស្ថាបនិកក្រុមហ៊ុន អាចកាន់កាប់ភាគហ៊ុនដែលមានតម្លៃយ៉ាងហោចណាស់ ១០០លានដុល្លារក្នុងម្នាក់ៗ ក្រោយការចូលផ្សារហ៊ុនលើកដំបូងនេះ។
ចំណែកក្រុមហ៊ុនស្រាវជ្រាវ Sacra ក៏ប៉ាន់ស្មានផងដែរថា បុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិករបស់ Anthropic ប្រមាណ ២ ៨០០ នាក់ផ្សេងទៀត អាចកាន់កាប់ភាគហ៊ុនដែលមានតម្លៃយ៉ាងហោចណាស់ ១លានដុល្លារក្នុងម្នាក់ៗ។
ជម្រាបជូនផងដែរថា យោងតាមការប៉ាន់ស្មានទាំងនេះ បានធ្វើឡើងដោយប្រើប្រាស់គំរូគណនាផ្អែកលើព័ត៌មានសាធារណៈ ដូចជា រយៈពេលធ្វើការដែលត្រូវការដើម្បីទទួលបានសិទ្ធិកាន់កាប់ភាគហ៊ុន ការប្រើប្រាស់សិទ្ធិទិញភាគហ៊ុន ចំនួនភាគហ៊ុនដែលបុគ្គលិកទទួលបាន និងការផ្តល់រង្វាន់ជាភាគហ៊ុនជាដើម៕

