មហាសេដ្ឋីពិភពលោកខាតបង់ទ្រព្យសម្បត្តិសរុបជាង ២៥០ពាន់លានដុល្លារ ខណៈទីផ្សារហ៊ុនកំពុងធ្លាក់ចុះ

អន្តរជាតិ

មហាសេដ្ឋីពិភពលោក បានបាត់បង់ទ្រព្យសម្បត្តិសរុបជាង ២៥០ពាន់លានដុល្លារក្នុងត្រឹមតែមួយថ្ងៃ ខណៈការធ្លាក់ចុះនៃភាគហ៊ុនបច្ចេកវិទ្យា ជាពិសេសភាគហ៊ុនដែលពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) កាន់តែមានភាពធ្ងន់ធ្ងរឡើង ដោយបង្កើនការព្រួយបារម្ភរបស់អ្នកវិនិយោគអំពីការចំណាយដ៏ច្រើនលើវិស័យ AI និងតម្លៃភាគហ៊ុនដែលកំពុងមានកម្រិតខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យរបស់ Forbes បានបង្ហាញថា មហាសេដ្ឋីចំនួន ១ ៧៣៨ នាក់បានរងការខាតបង់ទ្រព្យសម្បត្តិដូចគ្នា ខណៈមហាសេដ្ឋីបច្ចេកវិទ្យាកំពូលចំនួន៨ នាក់បានមើលឃើញការខាតបង់ទ្រព្យសម្បត្តិពួកគេរួមគ្នាដល់ចំនួន ១៣២,៨ពាន់លានដុល្លារ។

យ៉ាងណាមិញក្នុងចំណោមនោះ មហាសេដ្ឋី Elon Musk ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX រងការខាតបង់ច្រើនជាងគេហូតដល់ ៦៣,៨ពាន់លានដុល្លារ ខណៈលោក Jensen Huang នាយកប្រតិបត្តិ Nvidia បាត់បង់ប្រមាណ ៩,៥ពាន់លានដុល្លារ និងលោក Larry Ellison ស្ថាបនិក Oracle បាត់បង់ប្រមាណ ៩,៦ពាន់លានដុល្លារ។

មហាសេដ្ឋីបច្ចេកវិទ្យាផ្សេងទៀតដែលរងផលប៉ះពាល់ រួមមាន លោក Larry Page និង Sergey Brin ស្ថាបនិក Google លោក Jeff Bezos ស្ថាបនិក Amazon លោក Michael Dell ស្ថាបនិក Dell Technologies និងលោក Mark Zuckerberg នាយកប្រតិបត្តិ Meta ផងដែរ។

គួរជម្រាបជូនថា ជុំវិញការធ្លាក់ចុះនេះត្រូវបានជំរុញដោយការព្រួយបារម្ភថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗកំពុងចំណាយប្រាក់យ៉ាងច្រើនលើការអភិវឌ្ឍ AI ខណៈអ្នកវិនិយោគនៅតែមានសំណួរអំពីសមត្ថភាពបង្កើតប្រាក់ចំណេញពីការវិនិយោគទាំងនេះ។ ជាមួយគ្នានេះ សន្ទស្សន៍ភាគហ៊ុន Nasdaq បានធ្លាក់ចុះប្រមាណ ៤,២% និង S&P 500 បានធ្លាក់ចុះ ២,៨% ដែលបង្ហាញពីសម្ពាធខ្លាំងលើទីផ្សារភាគហ៊ុនបច្ចេកវិទ្យា៕​