Toyota បង្ខំចិត្តផ្អាកការផលិតរថយន្ត ដោយសារកង្វះគ្រឿងបន្លាស់ដឹកចេញពីតំបន់អាស៊ីអាគ្នេយ៍

អន្តរជាតិ

ក្រុមហ៊ុន Toyota Motor Co បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងបញ្ឈប់ការផលិតទ្រង់ទ្រាយធំ នៅរោងចក្រមួយចំនួន ក្នុងប្រទេសជប៉ុន ដោយសារតែកង្វះខាតនៃគ្រឿងបន្លាស់ ដែលដឹកជញ្ជូនចេញពីររោងចក្រគ្រឿងបន្លាស់ នៅអាស៊ីអាគ្នេយ៍ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Toyota បានបញ្ជាក់ទៀតថា ការសម្រេចចិត្តផ្អាកការផលិតនេះ នឹងកាត់បន្ថយទិន្នផលរថយន្តចំនួន ៩ ០០០ គ្រឿង ដែលវានឹងធ្វើឲ្យប៉ះពាល់ទៅដល់ការផលិតរថយន្ត ចំពោះម៉ូដែល Lexus និង Land Cruiser ប្រភេទប៉ុង ២ របស់ខ្លួន ។

បើទោះបីជាចំនួនរថយន្តមានកម្រិតក៏ដោយ ការកាត់បន្ថយការផលិតត្រូវបានកើតឡើង នៅចំពេលដែលក្រុមហ៊ុន Toyota បានព្យាយាមបង្កើតផលិតកម្ម ដែលបាត់បង់ទៅ ដោយសារការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ នៅក្នុងប្រទេសម៉ាឡេស៊ី និងវៀតណាម កាលពីពេលមុន ដែលត្រូវបង្ខំឲ្យក្រុមហ៊ុន កាត់បន្ថយចំនួនផលិតរថយន្តរបស់ខ្លួន បើទោះបីជាតម្រូវរថយន្តនៅក្នុងទីផ្សារប្រទេសចិនកំពុងតែស្ទុះងើបឡើងវិញ នៅពេលការបិទខ្ទប់ទីក្រុងត្រូវបានបញ្ចប់ ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បាននិយាយថា ខ្លួនកំពុងប្រកាន់ខ្ជាប់នូវគោលដៅផលិតកម្មប្រចាំឆ្នាំ ដែលបានកំណត់នៅក្នុងខែកញ្ញា ដើម្បីផលិតរថយន្តឲ្យបានចំនួន ៩ លានគ្រឿង នៅត្រឹមចុងខែមីនាឆ្នាំក្រោយ ។

យ៉ាងណាមិញ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota បាននិយាយថា៖ “យើងចង់រក្សាបាននូវការផលិតឲ្យបាន ៩ លានគ្រឿង ប៉ុន្តែយើងនឹងត្រូវតាមដានយ៉ាងដិតដល់ ចំពោះស្ថានភាពក្នុងពេលបច្ចុប្បន្នសិន ” ៕

ប្រភព: Reuters