Honda ថៃ កំពុងដាក់គោលដៅបញ្ចេញម៉ូតូអគ្គិសនី សម្រាប់ទីផ្សារក្នុង​ និងក្រៅស្រុក នៅរយៈពេល ២ ឆ្នាំខាងមុខ

អន្តរជាតិ

ក្រុមហ៊ុនផលិត និងចែកចាយម៉ូតូ Thai Honda Manufacturing Co កំពុងមានបំណងបង្កើនការប៉ាន់ស្មានរបស់ខ្លួន សម្រាប់កំណើនទីផ្សារលក់ម៉ូតូរបស់ប្រទេសថៃចំនួន ៣% នៅឆ្នាំនេះ ខណ:ពេលដែលក្រុមហ៊ុនមួយនេះ កំពុងទន្ទឹងរង់ចំាធ្វើការពង្រីកអាជីវកម្មរបស់ខ្លួន ទៅលើខាងផ្នែកម៉ូតូអគ្គិសនីបន្ថែមទៀត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ការព្យាករនេះ ត្រូវបានជំរុញមួយផ្នែក ដោយការបញ្ជាទិញទុកជាមុន ក្នុងចំនួនច្រើនជាង ៥០ ០០០ គ្រឿង កាលពីឆ្នាំមុន ។

ហើយយ៉ាងណាក្រុមហ៊ុនរបស់ជប៉ុនមួយនេះ កំពុងតែធ្វើការសិក្សា ចំពោះលទ្ធភាព ក្នុងការផលិតម៉ូតូអគ្គិសនី សម្រាប់ដាក់លក់ក្នុងទីផ្សារទាំងក្នុងប្រទេស និងក្រៅប្រទេស ។

មិនតែប៉ុណ្ណោះ លោក Shiketo Kimura ប្រធានក្រុមហ៊ុន Thai Honda Manufacturing បាននិយាយថា ៖ ” ឧស្សាហកម្ម EV នៅក្នុងប្រទេសថៃ កំពុងមាននិន្នាការរីកចម្រើនបន្ថែមទៀត ដោយសារគោលនយោបាយរដ្ឋាភិបាល ក្នុងការជួយដល់ឧស្សាហកម្មមួយនេះ ។ យើងជឿជាក់ថា ទីផ្សារម៉ូតូអគ្គិសនី នៅក្នុងប្រទេសថៃ នឹងអាចសម្រេចបាន នៅក្នុងពេលដែលតម្រូវការកើនឡើងដល់ ២០០ ០០០ គ្រឿង នៅរយ:ពេល ២ ឆ្នាំខាងមុខ ” ។

គួរឱ្យដឹងផងដែរថា នៅក្នុងឆ្នាំ ២០២១ ទីផ្សារម៉ូតូថៃ បានកត់ត្រាអំពីចំនួនលក់សរុប ចំនួន ១,៦១ លានគ្រឿង ស្របពេលក្រុម Honda អាចលក់សរុបបានចំនួន ១,២៣ លានគ្រឿង ៕

ប្រភព: Bangkok Post