Samsung ប្រកាសធ្លាក់ចុះប្រាក់ចំណេញប្រចាំត្រីមាសដ៏អាក្រក់បំផុត រយ:ពេល ១៤ ឆ្នាំចុងក្រោយ

អន្តរជាតិ

ក្រុមហ៊ុន Samsung Electronics នៅថ្ងៃព្រហស្បតិ៍ទី ២៧ ខែមេសានេះ បានធ្វើការរាយការណ៍អំពីការទទួលបានប្រាក់ចំណេញប្រចាំត្រីមាសដ៏អាក្រក់បំផុតមិនធ្លាប់មាន រយ:ពេល ១៤ ឆ្នាំចុងក្រោយ បន្ទាប់ពីមានការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ទៅលើគ្រឿងអេឡិចត្រូនិក និងវិបត្តិបន្ទះឈីបជាសកល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពី CNA បានបង្ហាញថា ក្រុមហ៊ុនកូរ៉េខាត្បូង ដែលត្រូវបានចាត់ទុកថាជាអ្នកផលិតបន្ទះឈីប និងស្មាតហ្វូនដ៏ធំបំផុតមួយរបស់ពិភពលោកមួយនេះ បាននិយាយនៅក្នុងសេចក្តៅថ្លែងការណ៍មួយរបស់ខ្លួនថា ប្រាក់ចំណេញនៅត្រីមាស ឆ្នាំនេះ បានធ្លាក់ចុះដល់ ៦៤០ពាន់លានវ៉ុន (៤៧៨,៦លានដុល្លារ) ពោលគឺបានធ្លាក់ចុះ ៩៥% ឯណោះ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ។

ទន្ទឹមនេះ ប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុន Samsung Electronics នៅត្រីមាសទី ១ ឆ្នាំនេះ ក៏បានធ្លាក់ចុះ ៨៦,១% មកនៅត្រឹម ១,៥៧ទ្រីលានវ៉ុន ផងដែរ នៅពេលដែលការលក់ បានធ្លាក់ចុះ ១៨% មកនៅចំនួន ៦៣,៧៥ទ្រីលានវ៉ុន ។

ជុំវិញការធ្លាក់ចុះយ៉ាងខ្លាំងបែបនេះ ក្រុមហ៊ុនខាងលើ បានស្តីបន្ទោសទៅលើបញ្ហាធំៗដូចជា ការចំណាយរបស់អ្នកប្រើប្រាស់ទូទៅ បានធ្លាក់ចុះ ចំពេលបរិយាកាសម៉ាក្រូសេដ្ឋកិច្ចរបស់ពិភពលោក កំពុងជួបភាពមិនច្បាស់លាស់ រួមទាំងការធ្លាក់ចុះនៃតម្រូវការបន្ទះឈីបអង្គចងចាំ ដែលជាធម្មតាវាអាចបង្កើតបានប្រហែលពាក់កណ្តាលឯណោះ នៃប្រាក់ចំណេញរបស់ខ្លួន និងការធ្លាក់ចុះតម្លៃនៃបន្ទះឈីបផងដែរ ។

ជម្រាបជូនផងដែរថា សម្រាប់អាជីវកម្មបន្ទះឈីបវិញ ក្រុមហ៊ុន Samsung បានរាយការណ៍ពីការខាតបង់របស់ខ្លួន ចំនួន ៤,៥៨ទ្រីលានវ៉ុន ដែលជាការខាងតបង់ធំបំផុតលើកដំបូងមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ២០០៩ មក នៅពេលដែលពិភពលោក កំពុងងើបចេញពីវិបត្តិហិរញ្ញវត្ថុ ឆ្នាំ ២០០៨ ៕