ក្រុមហ៊ុនសិង្ហបុរី Singtel ត្រៀមចាយទុនជិត ១,៥ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍន៍ទីស្នាក់ការកណ្តាលរបស់ខ្លួន

អន្តរជាតិ

ក្រុមហ៊ុនទូរគមនាគមន៍ Singtel របស់សិង្ហបុរី បានធ្វើការប្រកាសក្នុងពេលថ្មីៗនេះ ថាខ្លួនកំពុងមានផែនការ ក្នុងការអភិវឌ្ឍឡើងវិញ នូវទីស្នាក់ការកណ្តាល នៅក្នុងអគារ Comcentre របស់ខ្លួន ជាមួយនឹងទុនវិនិយោគប្រមាណជាង ២ ពាន់លានដុល្លារសិង្ហបុរី ឬជិត ១,៥ ពាន់លានដុល្លារអាមេរិក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងអគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននេះផងដែរ គឺស្ថិតនៅលើផ្លូវ Exeter ក្បែរស្ថានីយ៍រថភ្លើង Somerset MRT ដែលបានបើកដំណើរការចាប់តាំងពីឆ្នាំ ១៩៧៩ មកម្លេះ ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Singtel បានបន្ថែមទៀតថា ការចំណាយលើការអភិវឌ្ឍន៍ រួមទាំងថ្លៃដី ត្រូវបានប៉ាន់ប្រមាណថា មានលើសពី ២ ពាន់លានដុល្លារសិង្ហបុរី ។

យ៉ាងណាមិញ វាត្រូវបានគេដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន ២ ត្រូវបានជ្រើសរើស ចូលក្នុងបញ្ជីបេក្ខភាពនាំមុខរួចហើយ សម្រាប់ដំណាក់កាលទី១ ក្នុងការទទួលបន្ទុកលើគម្រោងអភិវឌ្ឍន៍មួយនេះ ។ ហើយដំណើរការដេញថ្លៃចុងក្រោយ នឹងត្រូវបិទបញ្ចប់ នៅខែមីនាខាងមុខ ស្របពេល Singtel រំពឹងថានឹងអាចធ្វើការជ្រើសរើសក្រុមហ៊ុនអភិវឌ្ឍន៍ចុងក្រោយ នៅខែឧសភា ។

គួរឱ្យដឹងផងដែរថា ក្នុងនាមជាអ្នកទទួលបន្ទុកនៃការអភិវឌ្ឍន៍ថ្មីនេះ ក្រុមហ៊ុន Singtel នឹងកាន់កាប់ប្រហែល ៣០% នៃអគារទាំងមូល ខណ:កន្លែងដែលនៅសេសសល់ គឺនឹងត្រូវបានជួយទៅឱ្យក្រុមហ៊ុនផ្សេងទៀត ដែលកំពុងមានបំណងស្វែងរកការិយាល័យទំនើប នៅចំកណ្តាលតំបន់សក្តានុពល Orchard Road ។

ជម្រាបផងដែរថា គម្រោងអភិវឌ្ឍន៍អគារ Comcentre ថ្មី ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៨ នេះ ត្រូវបានគេរំពឹងថា នឹងមានផ្ទៃដីសរុបជាង ១១០ ០០០ ម៉ែត្រការ៉េ ដែលរួមមានអគារការិយាល័យ Grade A , កន្លែងលក់រាយ និង Orchard Exchange របស់ក្រុមហ៊ុន Singtel ផ្ទាល់តែម្តង ៕

ប្រភព: CNA