ថៃរំពឹងថា ការនាំចេញផ្លែទុរេនរបស់ខ្លួន អាចកើនឡើងដល់ ៥,៧៧ ពាន់លានដុល្លារ នៅឆ្នាំនេះ

អន្តរជាតិ

ទស្សនវិស័យ ក្នុងការនាំចេញទុរេនរបស់ប្រទេសថៃ នៅតែមានការរំពឹងទុកខ្ពស់ ដោយតម្លៃនៃការនាំចេញ ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងដល់ ២០០ ពាន់លានបាត ឬ ៥,៧៧ ពាន់លានដុល្លារ នៅឆ្នាំនេះ ដោយវ៉ាដាច់ដំណាំសំខាន់ៗផ្សេងទៀត ដូចជា ស្រូវ កៅស៊ូ និងដំឡូងមី ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Aat Pisanwanich នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្សាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានបង្ហាញថា ការនាំចេញផ្លែទុរេនរបស់ថៃ បានកើនឡើងជាបន្តបន្ទាប់ ក្នុងរយ:ពេល ៥ ឆ្នាំចុងក្រោយនេះ ជាមួយនឹងតម្លៃដែលបានកើនឡើងពី ១១១ ពាន់លានបាត ក្នុងឆ្នាំ ២០២០ ដល់ ១៨៧ ពាន់លានបាត នៅឆ្នាំ ២០២១ ។

ហើយសម្រាប់ នៅឆ្នាំ ២០២២ នេះវិញ តម្លៃនៃការនាំចេញផ្លែទុរេន ត្រូវបានព្យាករ ថា នឹងឈានដល់ ២០០ ពាន់លានបាត ជាមួយនឹងទឹកប្រាក់ ដែលចរាចរនៅក្នុងផលិតកម្ម និងខ្សែសង្វាក់ពាណិជ្ជកម្មផ្លែទុរេនក្នុងស្រុក ។

មិនតែប៉ុណ្ណោះ លោក Aat បានបន្ថែមទៀតថា សន្ទុះនៃការកើនឡើងខ្លាំងក្នុងឆ្នាំនេះ អាចមកពីផ្ទៃដាំដុះទុរេន បានកើនឡើងដល់ ៩១៥ ០០០ រ៉ៃ កាលពីឆ្នាំមុន ដែលជាការកើនឡើងពីចំនួន ៦០៤ ០០០ រ៉ៃ ក្នុងឆ្នាំ ២០១១ ។

លើសពីនេះ នៅឆ្នាំ ២០២៦ ទិន្នផលទុរេន ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ២,៩ លានតោន ពីចំនួនប៉ាន់ស្មាន ១,៣២ លានតោន នៅឆ្នាំនេះ ៕