តើមូលហេតុអ្វី បានជាពលរដ្ឋវ័យក្មេងកូរ៉េខាងត្បូង សម្រុកទិញផ្ទះទុក ទាំងដែលមានការប្រាក់ខ្ពស់?

អន្តរជាតិ

ពលរដ្ឋវ័យក្មេងរបស់ប្រទេសកូរ៉េខាងត្បូង កំពុងសម្រុកនាំគ្នាទិញផ្ទះ បើទោះបីជាត្រូវប្រឈមមុខជាមួយនឹងអត្រាការប្រាក់ដ៏ខ្ពស់ក៏ដោយ ដែលនេះបានធ្វើឱ្យវិបត្តិកង្វះលំនៅដា្ឋននៅក្នុងប្រទេសកាន់តែមានភាពធ្ងន់ធ្ងរឡើង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញស្ថានភាពនេះផងដែរ វាហាក់បីជាកំពុងធ្វើឱ្យប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក Yoon Suk-yeol កាន់តែជួបបញ្ហាស្មុគស្មាញបន្ថែមទៀត នៅពេលដែលផែនការ ដើម្បីជួយសម្រាលដល់លទ្ធភាព ក្នុងការទិញផ្ទះ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី ៤ របស់អាស៊ីមួយនេះ ហាក់គ្មានប្រសិទ្ធិភាព ។

អ្នកនាង Oh Ye-seul ដែលធ្វើការនៅក្នុងក្រុមហ៊ុន start-up មួយកន្លែង ក្នុងសង្កាត់ Gangnam ទីក្រុងសេអ៊ូល បានបង្ហាញថានាង គឺជាមនុស្សម្នាក់ ដែលមានភាពជឿជាក់តិចតួចបំផុត ឬគ្មានទាល់តែសោះ ចំពោះការសន្យារបស់ លោក Yoon ជុំវិញផែនការនេះ ។

នៅក្នុងខែមីនា ឆ្នាំ ២០២២ នៅពេលដែល លោក Yoon ឡើងកាន់អំណាច គឺចំពេលមានភាពខឹងសម្បារបស់ប្រជាពលរដ្ឋកូរ៉េខាងត្បូង ចំពោះអតីតប្រធានាធិបតី លោក Moon Jae-in ដែលមិនអាចទប់ទល់ការកើនឡើងតម្លៃផ្ទះ ដោយមិនមានការគ្រប់គ្រងច្បាស់លាស់ ស្របពេលអ្នកនាង Oh Ye-seul បានសម្រេចចិត្តទិញផ្ទះ ក្នុងតម្លៃក្រោម ៦០០ លានវ៉ុន ឬប្រមាណាជាង ៤ សែនដុល្លារ និងត្រូវចំណាយពេលកន្លះម៉ោង ជិះរថភ្លើងក្រោមដី ពីការិយាល័យធ្វើការរបស់នាង ។

មិនតែប៉ុណ្ណោះ ពលរដ្ឋវ័យក្មេងរបស់កូរ៉េខាងត្បូង បាននាំគ្នាសម្រុកទិញផ្ទះ នៅក្នុងស្ថានភាពបែបនេះ បើទោះបីជាធនាគាកូរ៉េ មានការដំឡើងការប្រាក់យ៉ាងឆាប់រហ័សក៏ដោយ ដែលនេះបានបង្ហាញថា សាធារណជនកូរ៉េ នៅតែមិនមានភាពជឿជាក់ចំពោះការសន្យារបស់ លោក Yoon ក្នុងការទប់ស្កាត់ ចំពោះការកើនឡើងនៃតម្លៃផ្ទះ ។

លើសពីនេះ វាក៏បានបង្កើនផលប៉ះពាល់ចំពោះសេដ្ឋកិច្ចកូរ៉េខាងត្បូងកាន់តែខ្លាំងផងដែរ ដោយសារតែអត្រាកម្ចីក្នុងការទិញផ្ទះបានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយ:ពេល ៩ ឆ្នាំចុងក្រោយ ដែលធ្វើឱ្យពលរដ្ឋធ្លាក់ចូលទៅក្នុងបន្ទុកបំណុល រួមទាំងការកើនឡើងតម្លៃជាសកលសម្រាប់អ្វីៗគ្រប់យ៉ាង រាប់ចាប់ពីអាហារ ទំនិញប្រើប្រាស់ រហូតដល់ប្រេងឥន្ធន:ជាដើម ។

គួរឱ្យដឹងផងដែរថា មួយក្នុងចំណោមហេតុផល ដែលធ្វើឱ្យពលរដ្ឋវ័យក្មេងរបស់កូរ៉េងខាងត្បូងនាំគ្នាសម្រុកទិញផ្ទះទុក ដោយសារតែមានភាពភ័យខ្លាចថា នឹងលែងមានឱកាសបានទិញផ្ទះ ដែលបណ្តាលមកពីតម្លៃចេះតែកើនឡើងឥតឈប់ឈរ ៕

ប្រភព: CNA