ឥណ្ឌូនេស៊ី ឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអារ៉ាប់រួម

អន្តរជាតិ

ប្រទេសឥណ្ឌូនេស៊ី និងអារ៉ាប់រួម កាលពីថ្ងៃសុក្រទី ១ ខែកក្កដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ដោយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ និងប្រទេសឈូងសមុទ្រ ដែលផលិតប្រេងដ៏ធំបំផុតមួយ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង នៅក្នុងអំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ទៅកាន់ទីក្រុង Abu Dhabi ដែលនឹងផ្តល់ផលប្រយោជន៍ជាច្រើន រួមទាំងការដកចេញ និងកាត់បន្ថយពន្ធ ទៅលើទំនិញភាគច្រើន ដែលត្រូវបានជួញដូររវាងប្រទេស ដែលកាន់សាសនាមូស្លីមទាំង ២ ។

មិនតែប៉ុណ្ណោះ ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប់រួម បាននិយាយថា ប្រេងដូងរបស់ឥណ្ឌូនេស៊ី រួមទាំងផលិតផលម្ហូបអាហារ សម្លៀកបំពាក់ គីមីឥន្ធន: ផលិតផលកៅស៊ូ ផ្លាស្ទិច និងដែកថែប នឹងត្រូវទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយពន្ធ ឬលុបចោលការយកពន្ធតែម្តង ។

បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូនេស៊ី ក៏បាននិយាយផងដែរថា កិច្ចព្រមព្រៀងដ៏សំខាន់មួយនេះ​ នឹងរួមបញ្ចូលទាំងសេវាកម្ម ការវិនិយោគ កម្មសិទ្ធិបញ្ញា និងការទទួលស្គាល់គ្នាទៅវិញទៅមក ។

គួរឱ្យដឹងថា ការនាំចេញសំខាន់ៗរបស់ប្រទេសឥណ្ឌូនេស៊ី ទៅកាន់ UAE គឺប្រេងដូង គ្រឿងអលង្ការ និងលោហ:ធាតុមានតម្លៃ ខណ:ពេលដែលការនាំចេញរបស់អារ៉ាប់រួម មកកាន់ឥណ្ឌូនេស៊ីវិញ ភាគច្រើនជាឧស្ម័ន ប្រេង ដែក និងដែកអ៊ីណុក ។ នេះបើយោងតាមទិន្នន័យទទួលបានពី Observatory of Economic Coomplexity ។

បញ្ជាក់ផងដែរថា ប្រទេសដែលសម្បូទៅដោយធនធានប្រេង UAE បានបង្កើតទំនាក់ទំនងពាណិជ្ជកម្មកាន់តែជិតស្និទ្ធជាមួយឥណ្ឌូនេស៊ី ដែលជាផ្នែកនៃមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនទំហំសេដ្ឋកិច្ចទ្វេរដង ដល់ ៨១៦ ពាន់លានដុល្លារ នៅចុងទសវត្សរ៍នេះ ហើយផ្នែកមួយនៃគោលដៅដ៏ធំមួយនេះ គឺជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង ២ ៕