A.K. Abdul Momen រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា មានប្រវត្តិការងារមិនធម្មតា

អន្តរជាតិ

ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២២ នេះ លោកបណ្ឌិត A.K. Abdul Momen រដ្ឋមន្ត្រីការបរទេសនៃសារធារណរដ្ឋប្រជាមានិតបង់ក្លាដែស នឹងដឹកនាំគណ:ប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសកម្ពុជា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការមកបំពេញទស្សនកិច្ចនេះ គឺស្របបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីមកធ្វើការពិភាក្សាលើទិដ្ឋភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនានា រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ផងដែរ ។

ជុំវិញវត្តមានរបស់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសបង់ក្លាដែស មកកាន់ទឹកដីកម្ពុជា ថ្ងៃនេះឧកញ៉ាញូស៍ សូមធ្វើការបង្ហាញត្រួសៗ អំពីប្រវត្តិនៃការសិក្សា ក៏ដូចជាបទពិសោធការងាររបស់ លោកបណ្ឌិត  A.K. Abdul Momen ដូចតទៅ ៖

លោក Momen កើតនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ១៩៤៧ នៅទីក្រុង Sylhet ប្រទេសបង់ក្លាដែស។ លោកបានប្រឡងជាប់ថ្នាក់វិទ្យាល័យ ពីវិទ្យាល័យ Sylhet Government Pilot និងបានបន្តចូលរៀន នៅសកលវិទ្យាល័យ Dhaka ហើយទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច នៅឆ្នាំ ១៩៦៩ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ នៅឆ្នាំ ១៩៧១ ។

ក្រឡេកមកមើលប្រវត្តិការងារវិញ លោក Momen បានក្លាយជាមន្ត្រីរាជការ បម្រើការជាលេខាឯកជនរបស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋាភិបាលមូលដ្ឋាន និងសហករណ៍ នៅចន្លោះឆ្នាំ ១៩៧៣ ដល់ឆ្នាំ ១៩៧៤ ។

ដោយឡែក ចាប់ពីឆ្នាំ ១៩៧៤ ដល់ឆ្នាំ ១៩៧៥ លោកបានក្លាយជាលេខាឯកជនរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធនធានរ៉ែ និងប្រេង ខណ:ឆ្នាំ ១៩៧៥ ដល់ ១៩៧៦ លោកក្លាយជាមន្ត្រី ទាក់ទងតំបន់អាស៊ីខាងត្បូង អាស៊ីបូព៌ា និងមជ្ឈិមបូព៌ា របស់ក្រសួងពាណិជ្ជកម្ម ។

លោក Momen បានបន្តក្លាយជានាយកការិយាល័យទីប្រឹក្សាពាណិជ្ជកម្ម និងពាណិជ្ជកម្មរបស់ប្រធានាធិបតី ចាប់ពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ ១៩៧៨ ស្របពេលជាមួយគ្នានោះ លោកក៏បានបញ្ចប់ថ្នាក់ LLB ផ្នែកច្បាប់ និងនីតិសាស្រ្តពីមហាវិទ្យាល័យ Central College ក្នុងទីក្រុង Dhaka នៅឆ្នាំ ១៩៧៦ ផងដែរ ។

លុះដល់ឆ្នាំ ១៩៩៨ លោក Momen បានក្លាយជាទីប្រឹក្សាសេដ្ឋកិច្ចនៅ Saudi Industrial Development Fund (SIDF) នៅក្នុង ប្រទេសអារ៉ាប៊ីសាអូឌីត  ប៉ុន្តែគាត់បានចាកចេញពីទីនោះវិញ  បន្ទាប់ពីមានការទម្លាក់គ្រាប់បែកក្នុងបរិវេណទីក្រុង Riyadh ឆ្នាំ ២០០៣ ហើយបានត្រឡប់មកកាន់ប្រទេសបង់ក្លាដែសវិញ នឹងជាពេលដែលលោក ត្រូវបានតែងតាំងជាអ្នកតំណាងអចិន្ត្រៃយ៍របស់បង់ក្លាដែស ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ក្នុងខែសីហា ឆ្នាំ ២០០៩ រហូតដល់ឆ្នំា ២០១៥។

មិនតែប៉ុណ្ណោះ លោក Momen បានឈ្នះការបោះឆ្នោតទូទៅ របស់បង់ក្លាដែស នៅឆ្នាំ ២០១៨ ពីមណ្ឌល Sylhet-1 រហូតដល់ឆ្នាំ ២០១៩ លោក ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស របស់រដ្ឋាភិបាលបង់ក្លាដែស រហូតដល់ពេលបច្ចុប្បន្ន ៕