មីយ៉ាន់ម៉ា សម្រេចផ្អាកការសងបំណុលបរទេស ក្រោយពេលទុនបម្រុងក្នុងប្រទេសធ្លាក់ចុះខ្លាំង

អន្តរជាតិ

ថ្មីៗនេះ ធនាគារកណ្តាលរបស់ប្រទេសមីយ៉ាន់ម៉ា បានបញ្ជាឱ្យក្រុមហ៊ុន និងអ្នកទទួលបានប្រាក់កម្ចី ឱ្យផ្អាកការសងប្រាក់កម្ចីបរទេសរបស់ពួកគេ ដែលជាការផ្លាស់ប្តូរចុងក្រោយមួយ ក្នុងការការពារប្រាក់បម្រុងរូបិយប័ណ្ណបរទេស នៅក្នុងប្រទេស ដែលបានធ្លាក់ចុះយ៉ាងខ្លាំង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងលិខិតមួយ បានផ្ញើទៅកាន់ធនាគារ ដែលមានអាជ្ញាប័ណ្ណ ក្នុងការដោះដូររូបិយប័ណ្ណបរទេស អគ្គនាយករង លោក Win Thaw បានណែនាំឱ្យអ្នកខ្ចី ធ្វើការផ្អាកការសងការប្រាក់ និងប្រាក់ដើម សម្រាប់កម្ចីបរទេសផ្សេងៗ ដែលទទួលបានជាសាច់ប្រាក់ ឬជាទម្រង់ណាមួយ ។

យោងតាមសេចក្តីណែនាំខាងលើ គឺតម្រូវឱ្យធនាគារ ដែលមានអាជ្ញាប័ណ្ណទាំងនោះ ជូនដំណឹងដល់អតិថិជនរបស់ពួកគេ ដែលមានបំណុលបរទេស ដើម្បីធ្វើការកែសម្រួលកាលវិភាគសងប្រាក់កម្ចី ជាមួយម្ចាស់បំណុលនៅបរទេស ។

គួរឱ្យដឹងថា ក្រុមហ៊ុននានា នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានប្រាក់កម្ចីយ៉ាងតិចចំនួន ១,២ ពាន់លានដុល្លារ នៅលក្ខខណ្ឌកម្ចី ដែលចេញជាប្រាក់ដុល្លារ ។ យ៉ាងណានេះបើយោងតាមទិន្នន័យចុងក្រោយមួយ ដែលចង់ក្រងដោយសារព័ត៌មាន Bloomberg ។

មិនតែប៉ុណ្ណោះ អ្នកដែលបានខ្ចីប្រាក់ទាំងនោះមានដូចជា Ooredoo Myanmar Ltd. ដែលជាក្រុមហ៊ុនទូរគមនាគមន៍ , City Square Commercial Co. ដែលជាក្រុមហ៊ុនអចលនទ្រព្យ , ក្រុមហ៊ុនទូរគមនាគមន៍ Apollo Towers Myanmar Ltd. និង Irrawaddy Green Towers Ltd.ជាដើម។

បញ្ជាក់ផងដែរថា របបយោធាមីយ៉ាន់ម៉ា បានចាប់ផ្តើមធ្វើការរឹងបន្តឹងច្បាប់ប្តូរប្រាក់បរទេស បន្ទាប់ពីរូបិយប័ណ្ណរបស់ប្រទេសនេះ ត្រូវបានបាត់បង់មួយភាគបី នៃតម្លៃរបស់ខ្លួន បើធៀបទៅនឹងប្រាក់ដុល្លារ កាលពីឆ្នាំមុន ខណ:ចាប់តាំងពីមានរដ្ឋប្រហារមក ធ្វើឱ្យមានការបង្កកផ្នែកខ្លះនៃទុនបម្រុងបរទេស ដែលកាន់កាប់នៅសហរដ្ឋមអាមេរិក និងការព្យួរជំនួយពហុភាគី ដែលជាប្រភពដ៏សំខាន់ នៃការផ្គត់ផ្គង់រូបិយប័ណ្ណបរទេសផងដែរ ៕