ឥណ្ឌូនេស៊ី ព្រមានបិទវេបសាយបច្ចេកវិទ្យាធំៗទាំងនេះ បើសិនមិនព្រមចុះច្បាប់​អាជ្ញាប័ណ្ណ​ថ្មី

អន្តរជាតិ

កាលពីថ្ងៃទី ១៨ ខែកក្កដា ប្រទេសឥណ្ឌូនេស៊ី បានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយចំនួន ធ្វើការចុះឈ្មោះក្រោមច្បាប់អាជ្ញាប័ណ្ណថ្មី ឬមួយត្រូវប្រឈមមុខជាមួយនឹងការបិទទាំងស្រុងចំពោះវេទិការបស់ពួកគេ នៅពេលដែលទិន្នន័យចុងក្រោយមួយ បានបង្ហាញថា ក្រុមហ៊ុនធំៗដូចជា Google និង Meta មិនទាន់បានអនុវត្តវាឡើងវិញ នៅឡើយទេ ក្រោយត្រូវផុតកំណត់ កាលពីថ្ងៃទី ២០ ខែកក្កដា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្រូវការ ក្នុងការចុះឈ្មោះសម្រាប់អាជ្ញាប័ណ្ណថ្មីនេះ គឺជាផ្នែកមួយនៃច្បាប់ ដែលបានចេញផ្សាយជាលើកដំបូង នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ខណ:ច្បាប់នេះអាចអនុញ្ញាតឱ្យអាជ្ញាធរឥណ្ឌូនេស៊ី គ្រប់គ្រង ឬដកយកខ្លឹមសារណាមួយ ដែលចាត់ទុកថាខុសច្បាប់ ឬរំខានដល់សណ្តាប់ធ្នាប់សាធារណ: ពីលើវេបសាយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក្រៅស្រុកទាំងនោះ ។

មិនតែប៉ុណ្ណោះ នៅក្នុងសារមួយ ដែលបានផ្ញើទៅកាន់ សារព័ត៌មាន Reuters រដ្ឋមន្ត្រីទំនាក់ទំនងឥណ្ឌូនេស៊ី លោក Johnny G. Plate បានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះ ចាំបាច់ត្រូវចុះបញ្ជីអាជ្ញាប័ណ្ណ មុនពេលមានការដាក់ពិន័យ ត្រូវបានអនុវត្ត ខណ:ក្រសួងថែមទាំងបានបញ្ជាក់ទៀតថា គេហទំព័រទាំងនោះ អាចនឹងត្រូវបិទទាំងស្រុងតែម្តង ប្រសិនបើពួកគេមិនព្រមគោរពតាម ។

គួរឱ្យដឹងថា គិតនៅត្រឹមថ្ងៃចន្ទ ក្រុមហ៊ុនក្នុងស្រុកជាង ៥ ៩០០ និងក្រុមហ៊ុនបរទេសចំនួន ១០៨ បានចុះឈ្មោះរួចរាល់ហើយ រួមទាំងកម្មវិធីដ៏ល្បីល្បាញ TikTok និងក្រុមហ៊ុនស្ទ្រីមតន្ត្រី Spotify ផងដែរ ។ នេះបើយោងតាមទិន្នន័យ ដែលបានបង្ហាញដោយក្រសួងទំនាក់ទំនង ។

បញ្ជាក់ផងដែរថា វេទិកាផ្សេងទៀត ដូចជា Alpahbet Inc របស់ Google , Twitter និង Meta Platforms Inc , Instagram, WhatsApp របស់ Facebook នៅមិនទាន់បានចុះឈ្មោះក្នុងបញ្ជីនៅឡើយនោះទេ ។

ជាមួយនឹងយុវវ័យ និងប្រជាជន ដែលយល់ដឹងអំពីប្រព័ន្ធឌីជីថលចំនួន ២៧០ លាននាក់ ប្រទេសឥណ្ឌូនេស៊ី បានក្លាយជាទីផ្សារកំពូលទាំង ១០ នៅទូទាំងពិភពលោក ដែលមានចំនួនអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន រួមមាន TikTok, Twitter និង Facebook ជាដើម៕