រដ្ឋធំមួយ នៅសហរដ្ឋអាមេរិក គ្រោងបញ្ឈប់ការប្រើប្រាស់រថយន្តដើរដោយប្រេងឥន្ធន: នៅត្រឹមឆ្នាំ ២០៣៥

អន្តរជាតិ

នៅក្រោមផែនការ ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាល នៅក្នុងសប្តាហ៍នេះ បានបង្ហាញថា គ្រប់រថយន្តថ្មីទាំងអស់ ដែលលក់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅឆ្នាំ ២០៣៥ នឹងលែងអនុញ្ញាតឱ្យមានការប្រើប្រាស់ចំហេះប្រេងឥន្ធន:ទៀតឡើយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សំណើដែលត្រូវបានពិភាក្សាដោយក្រុមប្រឹក្សាធនធានខ្យល់អាកាសនៃរដ្ឋកាលីហ្វ័រញ៉ា (CARB) មួយនេះ នឹងត្រូវកំណត់ជាផ្លូវការ ដោយអភិបាលរដ្ឋ លោក Gavin Newsom ដើម្បីធ្វើឱ្យកាលីហ្វ័រញ៉ា វិវត្តន៍ទៅជារដ្ឋគ្មានឧស្ម័នពុល ហើយសម្រាប់រដ្ឋផ្សេងទៀត នៅក្នុងសហរដ្ឋអាមេរិក ក៏នឹងអនុវត្ត ក្នុងទិសដៅដូចគ្នាផងដែរ ។

មិនតែប៉ុណ្ណោះ សមាជិកក្រុមប្រឹក្សាភិបាល លោក Daniel Sperling បានប្រាប់ទៅកាន់សារព័ត៌មាន CNN ថា លោកមានទំនុកចិត្តថា ផែនការនេះ ៩៩,៩% ហើយនឹងត្រូវបានអនុម័ត រួមទាំងជំហានបន្ថែមទៀត ដូចជាការតម្រូវឱ្យលក់រថយន្តគ្មានចំហេះឥន្ធន: នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ច្រើនជាងមួយភាគបី នៅត្រឹមឆ្នាំ ២០២៦ និងច្រើនជាង ពីរភាគបី នៅឆ្នាំ ២០៣០ ។

ដោយមានអ្នកប្រើប្រាស់រថយន្តជាង ៤០ លាននាក់ ប្រសិនបើផែនការនេះអាចសម្រេចទៅបាន នោះរដ្ឋកាលីហ្វ័រញ៉ា នឹងក្លាយជាគម្រូចម្បងមួយ សម្រាប់រដ្ឋផ្សេងទៀត នៅក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីអនុវត្តតាម ។

គួរឱ្យដឹងផងដែរថា សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើង ដោយឈរនៅលើច្បាប់អាកាសធាតុ ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី លោក Joe Biden កាលពីសប្តាហ៍មុន ជុំវិញការតម្កល់ទុកប្រាក់រាប់រយលានដុល្លារ ក្នុងការលើកទឹកចិត្តសម្រាប់កម្មវិធីថាមពលស្អាត នៅក្នុងប្រទេស ។

បញ្ជាក់ផងដែរថា លោក Biden និងគណបក្សប្រជាធិបតេយ្យរបស់គាត់ កំពុងប្រញាប់ប្រញាល់រៀបចំគោលនយោបាយអាកាសធាតុឡើងវិញ បន្ទាប់ពីវាត្រូវបានបរាជ័យ អំឡុងក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Donald Trump អាណត្តិមុន ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសនៅជុំវិញពិភពលោក ជាពិសេសនៅប៉ែកអឺរ៉ុប បានកំណត់យកចក្ខុវិស័យរបស់ពួកគេ ផ្តោតទៅលើរថយន្តដែលគ្មានការបំពុលបរិស្ថាន ដោយកន្លងមក ប្រទេសន័រវេស មានបំណងចង់ឱ្យរថយន្តថ្មីទាំងអស់ មិនប្រើប្រាស់ឥន្ធន:នៅឆ្នាំ ២០២៥ ខណ:ចក្រភពអង់គ្លេស សិង្ហបុរី និងអ៊ីស្រាអែល កំណត់នៅត្រឹមឆ្នាំ ២០៣០ ស្របពេលសហភាពអឺរ៉ុប ចង់បញ្ចប់ការលក់រថយន្តប្រើប្រាស់សាំង និងម៉ាស៊ូត នៅឆ្នាំ ២០៣៥ ៕