យ៉ាងហោចទីក្រុងជិត ៧០ នៅក្នុងប្រទេសចិន រាយការណ៍អំពីការធ្លាក់ចុះនៃតម្លៃផ្ទះ កាលពីខែមុន

អន្តរជាតិ

ជិត ៧០ ទីក្រុងនៅក្នុងប្រទេសចិន បានរាយការណ៍អំពីការធ្លាក់ចុះនៃតម្លៃផ្ទះថ្មី កាលពីខែមុន ដែលជាចំនួនដ៏ច្រើនបំផុត ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ ១៩ មក ខណ:បញ្ហានេះ បានបន្ថែមសម្ពាធកាន់តែខ្លាំង លើរដ្ឋាភិបាល ក្នុងតំបន់ឱ្យប្រញាប់ប្រញាល់ ដាក់ចេញនូវវិធានការគាំទ្របន្ថែម សម្រាប់អ្នកទិញផ្ទះ និងក្រុមហ៊ុនអភិវឌ្ឍន៍ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិស័យអចលនទ្រព្យ ដែលមានចំនួនប្រហែលមួយភាគមួយ នៃសេដ្ឋកិច្ចរបស់ប្រទេសចិនទាំងមូល បានធ្លាក់ចូលទៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីរដូវក្តៅឆ្នាំ ២០២០ មក បន្ទាប់ពីរដ្ឋាភិបាលនៅក្នុងប្រទេសនេះ ចាប់ផ្តើមធ្វើការរឹតបន្តឹងទៅលើ ក្រុមហ៊ុនអចលនទ្រព្យ មានបំណុលច្រើនហួសហេតុ ខណ:ជាលទ្ធផល ធ្វើឱ្យគម្រោងជាច្រើនត្រូវបានជាប់គាំង ស្របពេលអ្នកទិញផ្ទះបានគំរាម បញ្ឈប់ការបង់ប្រាក់ សម្រាប់គម្រោងមិនទាន់រួចរាល់ផងដែរ ។

នៅក្នុងខែសីហា ទីក្រុងចំនួន ៦៩ ក្នុងចំណោមទីក្រុងទាំង ១០០ បានរាយការណ៍ពីការធ្លាក់ចុះតម្លៃផ្ទះថ្មីប្រចាំខែ ដែលជាចំនួនដ៏ច្រើនបំផុត ចាប់តាំងពីខែកុម្ភ: ឆ្នាំ ២០២២ មក។ នេះបើយោងតាម China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យធំបំផុត របស់ប្រទេសចិន បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះ។

គួរឱ្យដឹងថា តម្លៃផ្ទះ នៅក្នុងទីក្រុងលំដាប់ទីមួយ រួមទាំងទីក្រុងប៉េកាំង និងសៀងហៃ បានធ្លាក់ចុះ ០,០៨% កាលពីខែមុន បើធៀបនឹងចំនួន ដែលបានធ្លាក់ចុះ ០,១៦% នៅក្នុងខែកក្កដា ។

លើសពីនេះ យោងតាមអ្នកវិភាគ បាននិយាយថា តម្លៃធ្លាក់ចុះនេះ អាចនឹងបន្តប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកទិញផ្ទះ ក៏ដូចជាអូសបន្លាយវិបត្តិអចលនទ្រព្យ និងផ្តល់ការខាតបង់ដល់សន្ទុះសេដ្ឋកិច្ចរបស់ប្រទេសផងដែរ នៅចំឆ្នាំ ដែលប្រធានាធិបតី លោក Xi Jinping ត្រូវបានគេរំពឹងថានឹងបន្តកាន់អាណត្តិទី ៣ ក្នុងនាមជាមេដឹកនាំរបស់ប្រទេសចិន។

ជុំវិញបញ្ហានេះ បើតាម China Index Academy បានបង្ហាញទៀតថា រដ្ឋាភិបាលក្នុងតំបន់ គ្រោងនឹងដាក់ចេញនូវវិធានការគោលនយោបាយបន្ធូរបន្ថយបន្ថែមទៀត ដើម្បីជំរុញតម្រូវការឥណទាន ក៏ដូចជាការកាត់បន្ថយការបង់រំលស់អតិបរមា និងការបន្ថយអត្រាកម្ចីទិញផ្ទះ ដើម្បីធ្វើឱ្យស្ថានភាពអចលនទ្រព្យ មានភាពធូស្រាលឡើងវិញ ៕