ក្រុមហ៊ុនផ្គត់ផ្គង់សាំងយន្តហោះខ្នាតយក្សថៃ រំពឹងការលក់របស់ខ្លួនអាចកើនឡើង ៥០% នៅឆ្នាំក្រោយ

អន្តរជាតិ

ក្រុមហ៊ុនផ្តល់សេវាកម្មផ្គត់ផ្គង់ប្រេងឥន្ធន:អាកាសចរណ៍បាងកក (BAFS)​ បានដាក់ក្តីរំពឹងខ្ពស់ថា ការលក់ប្រេងឥន្ធន:យន្តហោះរបស់ខ្លួន អាចនឹងកើនឡើង ៥០% នៅឆ្នាំក្រោយ ពោលគឺអាចកើនឡើងលើសពីចំនួនព្យាករ ៤,២ ពាន់លានលីត្រ នៅក្នុងឆ្នាំ ២០២២ ឬ ១០,៩ លានលីត្រ ក្នុងមួយថ្ងៃ ដោយសារតែឧស្សាហកម្មអាកាសចរណ៍ កំពុងងើបឡើងវិញ។ នេះបើយោងតាមការចុះផ្សាយពីកាសែត ​Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន BAFS បច្ចុប្បន្ននេះ កំពុងផ្តល់ជូនសេវាកម្មចាក់បំពេញប្រេងយន្ត ទៅកាន់អាកាសយានដ្ឋានធំៗចំនួន ៨ នៅក្នុងស្រុក ដែលមានដូចជាអាកាសយានដ្ឋាន ដុនមឿង សុវណ្ណភូមិ សាមុយ សុខោទ័យ និងត្រាតជាដើម។

យ៉ាងណា ទស្សនវិស័យនៃការលក់សាំងយន្តហោះ របស់ក្រុមហ៊ុន BAFS នៅឆ្នាំក្រោយ នៅតែមានចំនួនតិចជាងកម្រិត ដែលខ្លួនលក់បានច្រើនបំផុត ក្នុងចំនួន ៦,១ ពាន់លានលីត្រ ឬ ១៧ លានលីត្រ ក្នុងមួយថ្ងៃ អំឡុងមុនពេលមានជំងឺកូវីដ-១៩ ។

ជាការពិតណាស់ នៅរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការលក់សាំងយន្តហោះ បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីប្រទេស រងគ្រោះដោយកូវីដ-១៩ ចាំបាច់ត្រូវដាក់កម្រិត លើការធ្វើដំណើរ តាមផ្លូវអាកាស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ។

ប៉ុន្តែ ការរឹតបន្តឹងចំពោះការធ្វើដំណើរតាមផ្លូវអាកាស ក្រោយមកត្រូវបានបន្ធូរបន្ថយវិញ ខណៈពេលដែលប្រទេសជាច្រើន បានបើកដំណើរការឡើងវិញ ក្នុងការឆ្លើយតបទៅនឹងការបន្ធូរបន្ថយនៃជំងឺរាតត្បាត ។

ជុំវិញឱកាសនេះហើយ ទើបក្រុមហ៊ុន BAFS មានទំនុកចិត្តថាការលក់របស់ខ្លួន នឹងមានការងើបឡើងវិញ​ នៅឆ្នាំក្រោយ បន្ទាប់ពីបានជួបប្រទះការខាតបង់ អស់រយ:ពេលពីរឆ្នាំជាប់គ្នា និងនៅពាក់កណ្តាលដំបូងនៃឆ្នាំ ២០២២ នេះផងដែរ ៕