ក្រុមហ៊ុន Airbus ចង់ផ្តត់ផ្គង់ឧទ្ធម្ភាគចក្រទៅកាន់វៀតណាមបន្ថែម ក្រៅតែពីផ្កាយរណប

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុន Airbus កំពុងស្វែងរកឱកាស ក្នុងការពង្រីកភាពជាដៃគូផ្នែកអវកាសរបស់ខ្លួន ជាមួយវៀតណាមបន្ថែមទៀត ដោយបង្កើនការលក់ឧទ្ធម្ភាចក្រ ខណ:ក្រុមហ៊ុនខ្នាតយក្សមួយនេះ កំពុងមើលឃើញអំពីការកើនឡើងនូវតម្រូវការ នៅក្នុងវិស័យយោធា និងការរុករកប្រេងរបស់ប្រទេសនៅតំបន់អាស៊ានមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពី Vietnam Express បានបង្ហាញថា លោក Johan Pelissier អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Airbus ទទួលបន្ទុកផ្នែកការពារជាតិ និងអវកាសសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក បានដឹងយ៉ាងច្បាស់អំពីសក្តានុពលនៃឧស្សាហកម្មអវកាសរបស់វៀតណាម ។

គួរឱ្យដឹងថា ក្រុមហ៊ុន Airbus បានផលិតផ្កាយរណបអង្កេតផែនដី ជាលើកដំបូងបង្អស់សម្រាប់វៀតណាម ឈ្មោះ VNREDSat-1 ហើយវាត្រូវបានបាញ់បង្ហោះទៅកាន់គន្លងតារាវិថី ពីប្រទេសបារាំង នៅក្នុងឆ្នាំ ២០១៣ ដោយជោគជ័យ និងបានបញ្ជូនរូបភាព ត្រឡប់មកកាន់ផែនដីវិញផងដែរ ។

ហើយមិនតែប៉ុណ្ណោះ ក្រុមហ៊ុនខាងលើ ក៏កំពុងបន្តធ្វើការជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ដើម្បីផលិតផ្កាយរណប VNREDSat-2 បន្ថែមទៀត ដែលត្រូវបានគេជឿជាក់ថា នឹងមានបច្ចេកវិទ្យាទំនើបជាងផ្កាយរណបដំបូង។

ជាងនេះទៀត ក្រុមហ៊ុន Airbus គ្រោងនឹងដាក់តាំងបង្ហាញឧទ្ធម្ភាគចក្រ និងយន្តហោះដឹកជញ្ជូនយោធាជាច្រើនគ្រឿង ដែលមានសមត្ថភាពធ្វើដំណើរផ្លូវឆ្ងាយ និងចំណាយពេលប្រតិបត្តិការទាប នៅឯការតាំងពិព័រណ៍វិស័យការពារជាតិអន្តរជាតិវៀតណាម ឆ្នាំ ២០២២ ដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ ថែមទៀតផង ។

ដោយឡែក លោកស្រី Hoang Tri Mai ដែលជាអគ្គនាយកក្រុមហ៊ុន Airbus ប្រចាំនៅប្រទេសវៀតណាម បាននិយាយថា ប្រទេសនេះ គឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុនរបស់អ្នកនាង។ ហើយក្រៅតែពីយន្តហោះពាណិជ្ជកម្ម ក្រុមហ៊ុន ក៏នឹងផលិតឧទ្ធម្ភាគចក្រ និងយន្តហោះដឹកជញ្ជូនបន្ថែម សម្រាប់បម្រើវិស័យយោធា ឧស្សាហកម្មប្រេង ហ្គាស់ និងជួយសង្គ្រោះរបស់វៀតណាមផងដែរ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុន Airbus មានចំនួន ១២% នៃកងនាវាសរុបរបស់វៀតណាម ហើយក្នុងចំណោមនោះ មាន ៥០% ត្រូវបានរដ្ឋាភិបាលវៀតណាម យកទៅប្រើប្រាស់នៅក្នុងការរុករកប្រេង និងឧស្ម័ន៕