Samsung ប្រកាសអំពីការធ្លាក់ចុះប្រាក់ចំណេញជិត ៧០% នៅត្រីមាសទី ៤ ក្នុងឆ្នាំ ២០២២

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុន Samsung Electronics បានបង្ហាញការព្យាករថា ប្រាក់ចំណេញរបស់ខ្លួន នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២២ បានធ្លាក់ចុះដល់ ៦៩% ធៀបនឹងរយ:ពេលដូចគ្នា ទៅនឹងឆ្នាំ ២០២១ ដោយសារតែអាជីវកម្មរបស់ខ្លួន បានប្រឈមមុខនឹងការធ្លាក់ចុះខ្លាំងនៃតម្រូវការបន្ទះឈីប និងឧបករណ៍អេឡិចត្រូនិកប្រើប្រាស់នៅក្នុងផ្ទះ ចំពេលកំពុងមានវិបត្តិសេដ្ឋកិច្ច ។ នេះតាមការចុះផ្សាយពីសារព័ត៌មាន The Korea Herald ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ​ បានប៉ាន់ប្រមាណថាប្រាក់ចំណេញរបស់ខ្លួន នៅក្នុងខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២២ មានចំនួន ៤,៣ ទ្រីលានវ៉ុន (៣,៤ ពាន់លានដុល្លារ) ពោលគឺបានធ្លាក់ចុះពីចំនួន ១៣,៨៧ ទ្រីលានវ៉ុន នៅឆ្នាំ ២០២១។

យ៉ាងណាមិញ នេះជាលើកដំបូងហើយ ក្នុងរយ:ពេល ៨ ឆ្នាំចុងក្រោយ ដែលក្រុមហ៊ុន Samsung បានប្រកាសអំពីការធ្លាក់ចុះប្រាក់ចំណេញរបស់ខ្លួនដ៏ច្រើនបែបនេះ ពោលគឺរាប់ចាប់តាំងពីឆ្នាំ ២០១៤ មក ដែលក្រុមហ៊ុនបានកត់ត្រាប្រាក់ចំណេញទាបបំផុតចំនួន ៤,០៦ ទ្រីលានវ៉ុន សម្រាប់ត្រីមាសទី ៣ ។

ជុំវិញការធ្លាក់ចុះនៃប្រាក់ចំណេញនេះ មន្ត្រីម្នាក់របស់ក្រុមហ៊ុន Samsung បាននិយាយថា ៖ ” ចំពេលកំពុងមានភាពមិនប្រាកដប្រជាជាបន្តបន្ទាប់ទៅលើម៉ាក្រូសេដ្ឋកិច្ច ការលក់បន្ទះឈីបរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ដោយសារតែតម្រូវការបន្ទះឈីបអង្គចងចាំ និងអាជីវកម្មស្មាតហ្វូនបានធ្លាក់ចុះ។ ហើយចំពោះការលក់ស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ ក៏ធ្លាក់ចុះផងដែរ ដោយសារតែការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ ” ។

តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតបន្ទះឈីប និងស្មាតហ្វូនដ៏ធំបំផុតមួយរបសពិភពលោកមួយនេះ បានព្យាករថា ប្រាក់ចំណូលដែលបានពីការលក់ពេញមួយឆ្នាំ ២០២២ អាចនឹងឡើងដល់ ៣០១,៦ ទ្រីលានវ៉ុន ពោលគឺបានកើនឡើង ៧,៩៣% ពីប្រាក់ចំណូលសរុប ២៨០ ទ្រីលានវ៉ុន ដែលក្រុមហ៊ុនខ្លួនទទួលបាន កាលពីឆ្នាំ ២០២១ ៕