ធនាគារធំបំផុតមួយរបស់ចិន យល់ព្រមឱ្យស្រីលង្កា ពន្យាពេលក្នុងការទូទាត់សងបំណុលខ្លួន

អន្តរជាតិ

ថ្មីៗនេះ ធនាគារនាំចេញ-នាំចូល របស់ប្រទេសចិន បានផ្តល់ជូនឱកាស ដើម្បីជួយ​បន្ធូរ​បន្ថយបញ្ហាហិរញ្ញវត្ថុរបស់ប្រទេសស្រីលង្កា ជាមួយនឹងការពន្យាពេល ២ ឆ្នាំបន្ថែមទៀត លើការទូទាត់សងបំណុលរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Asianfinancial ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ធនាគារនាំចេញ-នាំចូលនៃប្រទេសចិននេះ បាននិយាយថា ការសម្រេចចិត្តផ្អាកក្នុងការទូទាត់សងបំណុលនេះ អាចនឹងអនុញ្ញាតឱ្យប្រទេសស្រីលង្កា មានលទ្ធភាពគ្រប់គ្រាន់់ ក្នុងការទទួលបានប្រាក់កម្ចីចំនួន ២,៩ ពាន់លានដុល្លារ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើទោះបីជាស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយរបស់ចិន បានផ្ញើជូនលិខិត ក្នុងការពន្យាពេលនៃការសងបំណុល ទៅកាន់ក្រសួងហិរញ្ញវត្ថុស្រីលង្កា កាលពីថ្ងៃទី ១៩ ខែមករាកន្លងទៅក៏ដោយ ប៉ុន្តែវាហាក់នៅតែមិនទាន់គ្រប់គ្រាន់ សម្រាប់ប្រទេសនេះ ដើម្បីទទួលបានការយល់ព្រមភ្លាមៗ ពី IMF សម្រាប់ប្រាក់កម្ចីដ៏សំខាន់នេះឡើយ ។

មិនតែប៉ុណ្ណោះ ប្រទេសឥណ្ឌា ក៏បានចូលរួមក្នុងការជួយដល់ស្រីលង្កា កាលពីដើមខែនេះផងដែរ ដោយនិយាយថា ខ្លួននឹងប្តេជ្ញាគាំទ្រប្រទេសនេះ ជាមួយនឹងការផ្តល់ហិរញ្ញប្បទាន និងការបន្ធូរបន្ថយបំណុល ដើម្បីអាចធ្វើឱ្យ IMF សម្រេចផ្តល់ជូនកិច្ចព្រមព្រៀងប្រាក់កម្ចី ប៉ុន្តែទន្ទឹមនឹងនេះ ក៏ត្រូវតែមានការជួយគាំទ្រពីសំណាក់ប្រទេសចិនផងដែរ ។

ជម្រាបជូនផងដែរថា ចិន និងឥណ្ឌា គឺជាអ្នកដែលបានផ្តល់ជូនប្រាក់កម្ចីទ្វេភាគីដ៏ធំបំផុត សម្រាប់ស្រីលង្កា ខណ:ប្រទេសដែលមានប្រជាជនចំនួន ២២ លាននាក់មួយនេះ កំពុងតែប្រឈមមុខទៅនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ៧ ទសវត្សរ៍មកនេះ ៕