អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ពន្យល់ពីមូលហេតុឧបត្ថម្ភសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដល់ឆ្នាំ២០២៦

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី នារសៀលថ្ងៃទី០៦ មេសា ២០២៣ បានចុះហត្ថលេខាឧបត្ថម្ភជាផ្លូវការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាមរយៈ នាយឧត្តមសេនីយ៍ សៅ សុខា  ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងរយៈពេលវែង ៣ឆ្នាំជាប់គ្នា ដោយគិតចាប់ពីឆ្នាំ ២០២៣ រហូតដល់ឆ្នាំ ២០២៦ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើមានកត្តាអ្វី ដែលជំរុញឱ្យក្រុមហ៊ុនភេសជ្ជៈ វឌ្ឍនៈ ប៊្រូវើរី គាំទ្រយ៉ាងពេញទំហឹងក្នុងវិស័យកីឡានៅកម្ពុជាដូច្នេះ?

មានប្រសាសន៍ ក្នុងកម្មវិធី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ពន្យល់ថា ក្នុងនាមជាក្រុមហ៊ុនរបស់ខ្មែរ និងមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ អ្នកឧកញ៉ា ពិតជាមានកិត្តិយស និងមោទនភាព ដែលបានក្លាយជាដៃគូឧបត្ថម្ភផ្លូវការ ដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងរយៈពេលវែង។ ការចូលរួមចំណែកនេះ គឺដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់គុណភាពវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខឥតឈប់ឈរ។ 

ជាពិសេស អ្នកឧកញ៉ា សង្កត់ធ្ងន់ថា៖ “ គឺការចុះហត្ថលេខាជាមួយ នាយឧត្តមសេនីយ៍ សៅ សុខា  ថ្ងៃនេះ ក៏បានបង្ហាញពីបេសកកម្មថ្មីរបស់យើង ដើម្បីគាំទ្រវិស័យកីឡាបាល់ទាត់ឲ្យកាន់តែខ្លាំងក្លា ចូលរួមលើកទឹកចិត្តដល់គ្រូបង្វឹក គណៈគ្រប់គ្រង ជាពិសេសក្រុមកីឡាករជម្រើសជាតិទាំងអស់ ឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ បង្កើនសមត្ថភាព ដើម្បីត្រៀមខ្លួនរួចជាស្រេចជាមួយនឹងការប្រកួតសំខាន់ៗ នាពេលឆាប់ៗនេះ ដូចជា ព្រឹត្តការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ, ការប្រកួតជម្រុះ FIFA World Cup និងការប្រកួតជាច្រើនទៀត ក្នុងតំបន់អាស៊ាន និងទ្វីបអាស៊ី។”

នាយឧត្តមសេនីយ៍ សៅ សុខា  ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងថា៖ “ថ្ងៃនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងនាមរូបខ្ញុំផ្ទាល់ ពិតជាមានកិត្តិយសខ្លាំងណាស់ ដោយបានទទួលការសហការឧបត្ថម្ភផ្ទាល់ពីក្រុមហ៊ុនភេសជ្ជៈ វឌ្ឍនៈ ប៊្រូវើរី។ ការចូលរួមឧបត្ថម្ភ និងទឹកចិត្តដ៏ប្រពៃរបស់អ្នកឧកញ៉ា និងក្រុមហ៊ុន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជំរុញលើកទឹកចិត្តកីឡាករ ក៏ដូចជាលើកស្ទួយវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។”

នាយឧត្ដមសេនីយ៍ បន្ថែមទៀតថា ព្រឹត្តិការណ៍សុីហ្គេមជាប្រវត្តិសាស្ត្រ លើកទី៣២ ក្នុងឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនេះ នៅសល់ពេលវេលាតែ ២៨ថ្ងៃ ទៀត បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ពីវឌ្ឍនៈភាពនៃវិស័យកីឡា។ ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡាសុីហ្គេមជាប្រវត្តិសាស្ត្រលើទឹកដីកម្ពុជាលើកនេះ មិនមែនសំដៅតែការលទ្ធផលលើការប្រកួត ឈ្នះចាញ់ ប៉ុណ្ណោះទេ តែបានបង្កប់នូវការចូលរួមការរក្សា សន្តិសុខ សន្តិភាព ភាពសុខដុម មិត្តភាព សាមគ្គីភាព សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ នៅក្នុងប្រទេសកម្ពុជាផងដែរ។ 

ជានិច្ចជាកាល ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ តែងតែឈរលើទស្សនៈវិស័យ ក្នុងការចែករំលែកការជួបជុំ ភាពសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ។ ហើយក្រុមហ៊ុនមានជំនឿយ៉ាងមុតមាំថា កីឡានាំមកនូវសុខភាព មិត្តភាព សន្តិភាព ការជួបជុំ ភាពសប្បាយរីករាយ និងសាមគ្គីភាព ដែលទាំងអស់នេះ គឺដើរស្របនឹងឆន្ទៈរបស់ក្រុមហ៊ុនយើង ហើយភាពជាដៃគូនេះ នឹងអាចនាំយកនូវភាពជោគជ័យមួយកម្រិតទៀតសម្រាប់វិស័យកីឡានៅម្ពុជា ៕