ដីលក់តម្លៃ ១៥០០លានដុល្លារមិនមានឈ្មួញទិញ ឥឡូវអ្នកឧកញ៉ា សុខ គង់ បែមកបើកផ្សារ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន សូគីម៉ិច អ៉ិនវេសមេន គ្រុប របស់អ្នកឧកញ៉ា សុខ គង់ ចាប់ផ្តើមបោះជំហានមកវិនិយោគលើវិស័យផ្គត់ផ្គង់វិញម្តង ក្រោយជោគជ័យយ៉ាងសម្បើមក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ប្រេងឥន្ធន: និងកសិកម្ម។ ការចូលខ្លួនមកបើកផ្សារនៅពេលនេះ ត្រូវបានប្រភពមួយទម្លាយឲ្យដឹងថា វិនិយោគឡើងបន្ទាប់ពីប្រកាសលក់ដីនៅតំបន់សណ្ឋាគារ សុខា មិនមានអ្នកចរចាទិញ ហើយក៏បង្វែមកបើកផ្សារវិញម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមប្រភពដែលបានប្រាប់សារព័ត៌មានឧកញ៉ាញូស៍ឲ្យដឹងថា «គម្រោងសាងសង់ផ្សាររបស់អ្នកឧកញ៉ា សុខ គង់ គឺមិនឆ្ងាយប្រមាណពីសណ្ឋាគារ សុខា នោះឡើយ ដោយមានឈ្មោះថា ផ្សារសុខា រីវើសាយ ដែលមានទីតាំងនៅលើផ្ទៃដីខាងមុខសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ»។

ប្រភពខាងលើបន្តថា បច្ចុប្បន្នក្រុមហ៊ុន សុខា កំពុងដំណើរការសាងសង់គម្រោងផ្សារនៅឡើយ ហើយគ្រោងដាក់លក់ឆាប់ខាងមុខនេះ។

សូមជម្រាបជូនថា កន្លងទៅអ្នកឧកញ៉ា សុខ គង់ បានប្រាប់សារព័ត៌មានថា អ្នកឧកញ៉ាចង់លក់សណ្ឋាគារ សុខាភ្នំពេញ និងដីនៅតំបន់ជ្រោយចង្វារ ក្នុងតម្លៃ ១៥០០លានដុល្លារ ដើម្បីយកទៅវិនិយោគបន្ថែម នៅរមណីយដ្ឋានបូកគោ និងសងបំណុលគេខ្លះ។ អ្នកឧកញ៉ាបន្តថា បើទោះបីជាចង់លក់ក៏ពិតមែន ប៉ុន្តែមិនទាន់មានក្រុមហ៊ុនណាចូលមកចរចា និងធ្វើកិច្ចសន្យាទិញនៅឡើយទេ។

ជុំវិញផែនកាដាក់លក់សណ្ឋាគារ សុខា និងដីតំបន់ជ្រោយចង្វារនេះ ក្រុមហ៊ុនបានប្រកាសលក់មួយរយៈកន្លងមកហើយ ប៉ុន្តែទើបតែពេលថ្មីៗនេះ មានក្រុមហ៊ុនវៀតណាមធំមួយ បានចចារទិញយក តែការដេញថ្លៃចរចារទិញយកបានឬមិនបាន គឺអាស្រ័យលើការចចារជាក់ស្តែងប៉ុណ្ណោះ៕