កូនប្រុសអ្នកឧកញ៉ា សុខ គង់ ផ្តល់រង្វាន់ភេសជ្ជៈជិត ១៩០០កេស និងថវិកា ១៣០លានរៀល ជូនអត្តពលិក ១០១នាក់

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន អេច អេស​ ស៊ី គ្រុប (HSC Group) និង​ជា​កូនប្រុស​ទី​២ របស់​អ្នកឧកញ៉ា​បណ្ឌិត​ សុខ គង់ ​​​កាល​ពី​ពេល​ថ្មីៗ​នេះ បានរៀបចំពិធីពិសាអាហារ​ថ្ងៃត្រង់​ ជាមួយអត្ដពលិក​ប៉ារ៉ាឡាំ​ពិក​កម្ពុជា ដើម្បីបង្ហាញពីទឹកចិត្តស្រឡាញ់រាប់អាន និងគាំទ្រចំពោះវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចូលរួមអបអរសាទរនូវសមិទ្ធផលដ៏អស្ចារ្យរបស់អត្តពលិកចំនួន ១០១នាក់​ទូទាំងប្រទេស ដែលបាន​ឈ្នះមេដាយជូនជាតិក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ឱកាស​នោះផងដែរ លោក សុខ ចេន អគ្គនាយករងនៃក្រុមហ៊ុន អេច អេច ស៊ី គ្រុប បានប្រគល់រង្វាន់​លើក​ទឹកចិត្ដជូនដល់អត្ដពលិកទាំងអស់ ដែលរង្វាន់រួមមាន៖ ភេសជ្ជៈចំនួន ១៨៩៨​កេស និងថវិកាសរុប​ជាទឹកប្រាក់​ចំនួន ១៣០​លាន​រៀល។ ក្រុមហ៊ុន អេច អេស​ ស៊ី តែងតែយកចិត្ដទុកដាក់ និងចូលរួមចំណែក​ក្នុងការលើក​ស្ទួយ ក៏ដូចជាអភិវឌ្ឍសង្គមជាតិកម្ពុជាតាមរយៈសកម្មភាពសង្គមជាច្រើន។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាហ្គេម លើក​ទី១២​ (ASEAN Para Games 12) ​​​ត្រូវ​បាន​ធ្វើ​ពិធី​​បិទ​បញ្ចប់ កាលពី​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បន្ទាប់​ពី​ដំណើរ​ការ​​ប្រកួត​ពេញ​មួយ​សប្តាហ៍។ ក្នុងសុន្ទរកថាបិទការប្រកួត​កីឡាអាស៊ានប៉ារ៉ាហ្គេមលើក​ទី១២ សម្តេចតេជោ ហ៊ុន សែន ​បានបញ្ជាក់ថា ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានព្យាយាមរៀបចំ​ការ​ប្រកួត​កីឡាអាស៊ានប៉ារ៉ាហ្គេម តាមស្តង់ដារអន្តរជាតិ ហើយ​​សម្តេច​សង្ឃឹមថា ប្រជាជនអាស៊ានជាង ៦០០ លាន​នាក់នឹងចងចាំ​ជារៀងរហូតនូវអនុស្សាវរីយ៍​ដ៏ស្រស់​ស្អាត​នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ាន​ប៉ារ៉ាហ្គេមលើកទី ១២ ដែលធ្វើឡើងនៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ២០២៣​នេះ៕