អ្នកឧកញ៉ា ហេង ឡុង អគ្គនាយកក្រុមហ៊ុន ហេង ឡុង អាំងតែណាស់សូណាល់ បានចូលរួមឧបត្ថម្ភថវិកាចំនួន ២០,០០០ ដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ដល់ សមាគមសិល្បករខ្មែរ។

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានចេញលិខិតថ្លែងអំណរគុណ ជូនចំពោះ អ្នកឧកញ៉ា ហេង ឡុង ដែលបានចូលរួមឧបត្ថម្ភថវិកា ២០,០០០ ដុល្លារ ជូនដល់សមាគម។
សមាគមបានបញ្ជាក់ថា ការចូលរួមចំណែកទ្រទ្រង់របស់អ្នកឧកញ៉ា ហេង ឡុង មិនត្រឹមតែជាការរួមចំណែកដ៏ធំធេងដល់សកម្មភាពសមាគមសិល្បករខ្មែរប៉ុណ្ណោះទេ ប៉ុន្តែនេះការរួមចំណែកប្រកបដោយគុណតម្លៃខ្ពស់ក្នុងការជួយថែរក្សា ការពារ និងអភិវឌ្ឍន៍វិស័យសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា។

គួររំឭកថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ នៅអាណត្តិទី៦ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដែលត្រូវដឹកនាំសមាគមមួយនេះ ចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៩។ បន្ទាប់ពីកាន់តំណែងជាប្រធានសមាគម រយៈពេលជាង ១ឆ្នាំមកនេះ លោកជំទាវអ្នកឧកញ៉ា បានដឹកនាំសមាគមសិល្បករខ្មែរឆ្ពោះទៅរកភាពកាន់តែរីកចម្រើន ដោយបានដើរតួនាទីយ៉ាងសកម្មចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ។ ជាពិសេស គឺការគាំពារដល់សិល្បករចាស់ជរា ពិការ បាត់បង់សមត្ថភាព ព្រមទាំងដឹកនាំធ្វើកិច្ចការសម្បុរសធម៌ជាច្រើនទៀត៕

