អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានលើកឡើងថា រាល់ការជួយទិញអង្ករវីរ:ប៊ុនថាំ គឺមានន័យថា បងប្អូនបានចូលរួមជួយដល់កសិករខ្មែរ ទាំងតម្លៃ និងការសម្រួលដល់ការដឹកជញ្ជូន។

តាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ាអគ្គនាយកបានគូសបញ្ជាក់បែបនេះថា៖ “រាល់ការជួយទិញអង្ករវីរ:ប៊ុនថាំ គឺមានន័យថា បងប្អូនបានចូលរួមជួយដល់កសិករខ្មែរ ព្រោះរាល់ការប្រមូលទិញស្រូវពីកសិករ គឺក្នុងតម្លៃមួយដែលខ្ពស់ជាងទីផ្សារ រាល់អង្ករវីរ:ប៊ុនថាំគឺលក់តំលៃដើម បូកជាមួយការដឹកជញ្ជូនថែមតែ ៦០% ប៉ុណ្ណោះ។ អង្ករពូជសុទ្ធ តម្លៃទាប កសិករមានជីវភាពធូរធា។ អង្ករស្រងែស្រូវថ្មី និងអង្ករផ្ការំដួលខ្មែរ”។
គួររំឭកថា អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស កាលព្រឹកថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការផ្គត់ផ្គង់ និងនាំចេញ អង្ករផ្ការំដួល និងផ្ការំដួលសរីរាង្គ រវាងក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប (Vireak Buntham Group) និងក្រុមហ៊ុន ស៊ីអេជី ហូលសេលឡឺ ភីធីវ៉ាយ អិលធីឌី (CAG Wholesaler Pty Ltd) ដើម្បីនាំអង្ករខ្មែរ ទៅលក់នៅទីផ្សារប្រទេសអូស្ត្រាលី។
ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា ថ្មីៗនេះក្រុមហ៊ុន វិរៈ ប៊ុនថាំ បានផ្តោតលើវិស័យកសិកម្ម។ គោលបំណងធំវិនិយោគលើវិស័យកសិកម្មនេះ គឺដើម្បីជួយដល់កសិករ និងជំរុញផលិតផលខ្មែរយើងទៅកាន់ប្រទេសក្រៅ។ អ្នកឧកញ៉ា បន្តថាយើងឃើញថា វិស័យកសិកម្មរបស់កម្ពុជាកន្លងមកនេះ បានពឹងលើដង្ហើមប្រទេសជិតខាង ហើយការនាំកសិផល ក៏ដូចជាការនាំអង្ករទៅកាន់ប្រទេសក្រៅ កន្លងមកមិនមានយីហោរបស់ខ្មែរទេ និងមិនមានឈ្មោះអង្ករខ្មែរ។ អ្នកឧកញ៉ា បន្តថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ នឹងព្យាយាមឱ្យអស់លទ្ធភាព ហើយធានាលើគុណភាព និងស្តង់ដាការនាំចេញអង្ករនេះ ហើយក្រុមហ៊ុនគ្រោងនឹងនាំចេញផលិតខ្មែរផ្សេងៗទៀត នាពេលអនាគត។ ថ្មីៗនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានដាក់លក់អង្ករក្នុងស្រុកនៅតាមសាខាក្រុមហ៊ុន ហើយទទួលបានការគាំទ្រជាច្រើនផងដែរ៕





