ឧកញ៉ា យ៉ន សេងហាន ប្រកាសឧបត្ថម្ភដីមួយឡូតិ៍ ជូនលោក បឺត សំរេច ក្រោយដឹងពីជីវប្រវត្តិលម្អិត

ជុំវិញ​ឧកញ៉ា

ក្រោយដឹងពីជីវប្រវត្តិលម្អិតអតីតកីឡាករ បឺត សំរេច រួចមក លោក​ឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន SENG HAN CO.,LTD ​បានប្រកាសឧបត្ថម្ភដល់អតីតកីឡាកររូបនេះ នូវដីចំនួនមួយឡូតិ៍ ព្រមទាំងផលិតផលព្យាបាលជំងឺមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នេះ ឧកញ៉ា យ៉ន សេងហាន បានលើកឡើងទាំងក្ដុកក្ដួលថា៖ «ខ្ញុំទើបបានស្តាប់ប្រវត្តិលំអិតរបស់អតីតកីឡាករ បឺត​ សំរេច​ ដែលជាដំណក់ឈាម​ អធិរាជសំលេងមាស​ លោកតា​ស៊ិន​ ស៊ីសាម៉ុត​ កាលពីយប់មិញនេះ​ គឺពិតជាកំសត់ខ្លាំងណាស់​ ហើយទប់ទឹកភ្នែកមិនចង់បានទេ! »។

លោកឧកញ៉ា ​បានបន្តថា៖ « ក្រៅពីជីវិតជាកូនកំព្រាអត់ខាន់ស្លា​ គឺគាត់រស់នៅជាមួយម្តាយចិញ្ចឹម(អ៊ុំស្រី)​ ក្រលំបាក​ ត្រូវឪពុកចិញ្ចឹមធ្វើបាប​ ហើយពិសេសម្តាយគាត់មានប្តីថ្មី​ បានផ្តាំម្តាយចិញ្ចឹមថាមិនឱ្យ​ បង​ បឺត​ សំរេច​ ទៅជួប ទៅស្គាល់ឡើយ»។

ជាមួយនឹងអារម្មណ៍រំជើបរំជួលនេះ លោកឧកញ៉ា បន្ថែមថា៖ « ដោយខ្ញុំមានការគោរពដឹងគុណចំពោះ​ លោកតា​ ស៊ិន​ ស៊ីសាម៉ុត​ ដែលបម្រើអារម្មណ៍​ខ្ញុំនិងបងប្អូនខ្មែរទូទាំងពិភពលោក​ រាប់សិបឆ្នាំកន្លង​មក​ និងរួមផ្សំបង​ បឺត​ សំរេច ជាដំណក់ឈាមគាត់​ ហើយគាត់ជាមនុស្សស្លូតត្រង់​ គួរអោយអាណិត​ គោរពស្រលាញ់​ ជាទឹកចិត្តតិចតួច ខ្ញុំជួយឧបត្ថម្ភដីឡូតិ៍​ មួយឡូតិ៍ ដល់គាត់តម្លៃខ្ទង់ ៨០០០ដុល្លារ​ ហើយនិងជូនផលិតសុខភាពព្យាបាលជំងឺដល់ម្តាយចិញ្ជឹមគាត់១ឈុតផងដែរ​ ព្រោះឥលូវឮថាគាត់កំពុងឈឺនៅពេទ្យ»។

សូមជម្រាបជូនថា ការឧបត្ថម្ភដល់លោក បឺត សំរេច នាពេលនេះ ក្រោយពីរឿងរ៉ាវគ្រួសាររបស់អតីតកីឡាករប្រដាល់រូបនេះ ដែលប្រកាសជាកូនឥតខាន់ស្លារបស់ អធិរាជសម្លេងមាស ស៊ីន ស៊ីសាម៉ុត បានលាតត្រដាងឡើង ពេលលោកឡើងច្រៀងក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣៕


អត្ថបទ៖ សុកធា