សាលាអាមេរិកាំងហ្គោលឌិនហ្គេត សម្ភោធដាក់ឱ្យប្រើប្រាស់កម្មវិធីសិក្សាលំដាប់អន្តរជាតិ IB ដែលកំពុងល្បីល្បាញលើពិភពលោក

ជុំវិញ​ឧកញ៉ា

សាលាអាមេរិកាំងហ្គោលឌិនហ្គេត កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះ បានប្រកាសសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីសិក្សាថ្នាក់អន្តរជាតិ​ ហៅកាត់ថា IB ដើម្បីពង្រឹងបន្ថែមទៅលើគុណភាពសិក្សារបស់សិស្សឱ្យកាន់តែល្អប្រសើរលំដាប់ពិស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងការប្រកួតប្រជែងកម្រិតអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ កម្មវិធីសិក្សា IB នេះ នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា លោកជំទាវឧកញ៉ា ហេង សុគន្ធា  អគ្គនាយិកា សាលាអាមេរិកាំងហ្គោលឌិនហ្គេត មានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីសិក្សាIB នៅសាលាអាមេរិកាំងហ្គោលឌិនហ្គេត គឺដើម្បីឆ្លើយតបទៅនឹងការគាំទ្រ ការផ្តល់ទំនុកចិត្តពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សទាំងអស់ ក៏ដូចជាបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

លោកជំទាវឧកញ៉ា អគ្គនាយិកា សាលាអាមេរិកាំងហ្គោលឌិនហ្គេត  ក៏បានឱ្យដឹងផងដែរថា យោងតាមរបាយការណ៍ឆ្នាំ២០២៣ របស់ IB មានសាលាចំនួន៥៧០០ នៅក្នុងចំណោមប្រទេសចំនួន១៥៩ បាននិងកំពុងអនុវត្តកម្មវិធីសិក្សារបស់ IB។ ដោយឡែកនៅ​កម្ពុជា មានសាលាចំនួន៧ ​ទទួលបានសិទ្ធិ ក្នុងការបង្រៀនកម្មវិធីនេះ ក្នុងនោះសាលាអាមេរិកាំងហ្គោលឌិនហ្គេត  ជាសាលាមួយដែលទទួលបានសិទិ្ធពេញលេញ ក្នុងការបង្រៀនថ្នាក់វិទ្យាល័យ IB DP លឿនជាងកាលកំណត់ ក្នុងលក្ខខណ្ឌសុំសិទ្ធិរបស់IB ។ 

លោកជំទាវ ឧកញ៉ា ហេង សុគន្ធា មានប្រសាសន៍ថា ៖ «តាមរយ:ការខិតខំប្រឹងប្រែង របស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត មានក្តីសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សរបស់យើងនឹងទទួលបាននូវការអប់រំដ៏ល្អបំផុត ដែលអាចជួយឲ្យពួកគេកាន់តែជោគជ័យក្នុងការសិក្សាកម្រិតឧត្តម ទាំងក្នុងប្រទេសនិងក្រៅប្រទេស» ។

លោកស្រី​ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ក៏បានថ្លែងអបអរសាទរ ចំពោះការសម្ភោធដាក់ឱ្យប្រើប្រាស់កម្មវិធីសិក្សាថ្នាក់អន្តរជាតិ IB ជាផ្លូវការនៅសាលាអាមេរិកាំងហ្គោលឌិនហ្គេត ដែលទទួលបានសិទ្ធអនុវត្តកម្មវិធីសិក្សាIB សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចាប់តាំងពីកម្រិត​បឋមដល់ថ្នាក់ទី១២។

លោកស្រី មានប្រសាសន៍ថា កម្មវិធីសិក្សា IB ជាកម្មវិធីមួយដែលមានសារៈសំខាន់ ព្រោះកម្មវិធីនេះ មិនមែនត្រឹមតែផ្តល់ចំណេះដឹងខ្នាតអន្តរជាតិ លើជំនាញរឹង (hard skill)ប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់ឱ្យសិស្សនូវជំនាញទន់( Sotf skill) ដែលជាបំនិននៅក្នុងសតវត្សទី២១ ជាបំនិនក្នុងការ ត្រិះរិះពិចារណា ការធ្វើការងារជាក្រុម ការប្រាស្រ័យទាក់ទងការប្រើប្រាស់បច្ចេកវិទ្យា បង្កើតនូវវិន័យផ្ទាល់ខ្លួន ការតស៊ូ អត់ធ្មត់ និងបំនិនទន់ផ្សេងៗជាច្រើនទៀត សម្រាប់​បំពេញតម្រូវការការងារនាពេលអនាគត ។

ដោយឡែក លោក Faizol Musa អ្នកគ្រប់គ្រងជាន់ខ្ពស់កម្មវិធីសិក្សា IB នៅតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានសម្រេចនូវព្រឹត្តិការណ៍ដ៏សំខាន់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាត ក្លាយជាសាលា IB Worl School សម្រាប់កម្មវិធី IB Diploma program។ ​សាលាបានប្រឹងប្រែងគ្រប់គ្រង ដើម្បីបញ្ចប់ដំណើរការផ្តល់សិទ្ធិ IB យ៉ាងម៉ត់ចត់ក្នុងរយៈពេលត្រឹមតែ ៨ខែ ប៉ុណ្ណោះ ដែលជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់មួយ ព្រោះការផ្តល់សិទ្ធិលើការប្រើប្រាស់កម្មវិធីនេះប្រើរយៈពេលប្រហែល ២ឆ្នាំ ។

គួររំឮកដែរថា សាលាអាមេរិកាំងហ្គោលឌិនហ្គេត ​នឹងចាប់ផ្តើមទទួលសិស្សឱ្យចុះឈ្មោះចូលរៀនកម្មវិធី IB ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ រួមមាន ៖

១.កម្មវិធីសិក្សាថ្នាក់បឋម PYP (សម្រាប់សិស្សានុសិស្សពីអាយុ ៣ ដល់ ១២ឆ្នាំ) 

២.កម្មវិធីសិក្សាថ្នាក់អនុវិទ្យាល័យ MYP (សម្រាប់សិស្សានុសិស្សពីអាយុ១១ដល់១៦ឆ្នាំ)

៣.កម្មវិធីសិក្សាថ្នាក់វិទ្យាល័យDP(សម្រាប់សិស្សានុសិស្សពីអាយុ១៦ ដល់១៩ ឆ្នាំ) ។ 

មួយវិញទៀតសាលាក៏មានជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាល ទើបសាលាបានពង្រីកទំហំទុនប្រមាណជិត ២៣ លានដុល្លារ បន្ថែមទៀត ដើម្បីបន្តកសាងសាលានៅទីតាំងថ្មី លើទំហំផ្ទៃដី ៥ហិចតា ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការពង្រីកទុនវិនិយោគបន្ថែមដ៏ច្រើននេះ គឺ ដើម្បីផ្តល់ជូនដល់សិស្សានុសិស្ស​​​នូវការសិក្សាស្តង់ដាអន្តរជាតិដ៏សំបូរបែប អគារសិក្សាទំនើប ដែលបំពាក់ដោយបច្ចេកវិទ្យាទាន់សម័យ បន្ទប់សិក្សាធំទូលាយ បណ្ណាល័យ និងបន្ទប់ពិសោធន៍ស្របតាមបទដ្ឋានអប់រំអន្តរជាតិ។ 

ក្នុងគម្រោង សាលាអាមេរិកាំងហ្គោលឌិនហ្គេត ទីតាំងថ្មីនេះ រួមមាន អាគាររដ្ឋបាលទំហំ 1080m2 អគារសិក្សាកម្រិតមត្តេយ្យទំហំ 5982m2 អគារសិក្សាកម្រិតបឋមទំហំ 7602m2 អគារសិក្សាកម្រិតមធ្យមសិក្សាទំហំ 10107m2  អគារសាលសន្និសិទ្ធទំហំ 1387m2 អគារស្នាក់នៅរបស់សិស្សទំហំ 3018m2 អគារហាត់ប្រាណទំហំ 1182m2 តារាងបាល់ទាត់ទំហំ 1500m2 តារាងបាល់បោះ និងបាល់ទះទំហំ  700m2 អាងហែលទឹកទំហំ 300m2 សួនជ្រាបទឹក ៣០% នៃផ្ទៃដី អាហារដ្ឋាន ទីធ្លាលេងកីឡា ចំណតរថយន្ត និងម៉ូតូ ប្រកបដោយសុវត្ថិភាព និងផាសុខភាព ។

តាមរយៈគម្រោងវិនិយោគទីតាំង សាលាអាមេរិកាំងហ្គោលឌិនហ្គេត សាខាមានជ័យនេះ គណៈគ្រប់គ្រងសាលាទាំងអស់រំពឹងយ៉ាងមុតមាំថា នឹងអាចស្រូបទាញបានសិស្សានុសិស្សឱ្យមកទទួលយកការបណ្ដុះបណ្ដាលប្រមាណ ២ពាន់នាក់ និងអាចផ្ដល់ការងារដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សា ប្រមាណជាង ៥០០នាក់ ផងដែរ ៕