ឧកញ៉ា តែ តាំងប៉៖ ការហូរចូលផលិតផលក្រៅស្រុកច្រើនពេកធ្វើឱ្យទំនិញក្នុងស្រុកពិបាកចរាចរ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេចតេជោ SME បានលើកឡើងថា លំហូរនៃការនាំចូលផលិតផលសម្រេចពីបរទេសច្រើនពេក បានធ្វើឱ្យផលិតផលក្នុងស្រុកពិបាកនឹងចរាចរនៅលើទីផ្សារ។ ការលើកឡើងបែបនេះរបស់ លោកឧកញ៉ា តែ តាំងប៉ ក្នុងឱកាសដឹកនាំគណៈប្រតិភូសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធនតូចនិងមធ្យមរួមជាមួយសម្ព័ន្ធសហគ្រាសធនតូចនិងមធ្យមចូលជួបសម្ដែងការគួរសមជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា តែ តាំងប៉ មានប្រសាសន៍ថា ការនាំចូលផលិតផលសម្រេចមកពីក្រៅច្រើនពេកធ្វើឱ្យមានការជួបនៅបញ្ហា តួយ៉ាងនៅពេលបច្ចុប្បន្ននេះ SME កំពុងប្រឈមនៅបញ្ហាមួយចំនួន គឺនៅពេលដែលវិស័យឯកជនចាប់ផ្ដើមកែច្នៃរួចបែរជាផលិតផលលក់មិនចេញទៅវិញ។ ការណ៍នេះលោកឧកញ៉ាបានមើលឃើញថា ទោះបីជាកម្ពុជាបានចូលសមាហរណកម្ម កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ ក៏ពិតមែនដែលជាឱកាសអំណោយផលដល់ការនាំចេញនិងនាំចូលផលិតផលក្ដី ប៉ុន្ដែពេលបច្ចុប្បន្ននេះការនាំចូលផលិតផលមកពីខាងក្រៅមានភាពងាយស្រួល តែសម្រាប់យើងនាំចេញវិញគឺនៅតែមានការលំបាកដដែល។

ក្នុងឱកាសនោះ លោកឧកញ៉ាប្រធានសមាគមមូលនិធិសម្តេចតេជោ SME ក៏បានសំណូមពរដល់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មថ្មី ជួយជម្រុញផលិតផលដែល SME ផលិតបានដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ចៀសវាងការនាំចូលទំនិញសម្រេចមកពីក្រៅប្រទេស។

បន្ថែមលើនោះ លោកឧកញ៉ាក៏បានអំពាវនាវអ្នកប្រកបរបរក្នុងវិស័យ SME នេះ ឱ្យបន្តពង្រឹងការកែច្នៃផលិតផល ព្រមទាំងពង្រឹងការដោះស្រាយបញ្ហាផងដែរ។

សូមជម្រាបថា នៅពេលបច្ចុប្បន្ននេះ សមាគមមូលនិធិសម្ដេចតេជោនិង សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា( FASMEC)  បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំក្នុងការជួយដល់វិស័យឯកជន ដូចជា បង្រៀនធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងការកែច្នៃផលិតផល ដោយមានការរៀបចំបើកសិក្ខាសិលាទូទាំងប្រទេស ដោយមិនយកថវិកាជាមួយ SME ផងដែរ៕