ចំណងដៃរដូវភ្ជុំ ឧកញ៉ា ហេង បូរិន បរិច្ចាគថវិកាផ្ទាល់ខ្លួន ៨០០០ដុល្លារ ពង្រីកផ្លូវ និងដាក់អំពូលសូឡា ក្នុងឃុំបែកចាន 

ជុំវិញ​ឧកញ៉ា

ស្ថាបនិកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប លោកឧកញ៉ា ហេង បូរិន កាលពីពេលថ្មីៗនេះ បានចំណាយថវិកាផ្ទាល់ខ្លួនចំនួន ៨០០០ដុល្លារអាមេរិច បន្ថែមទៀត តាមរយៈរដ្ឋបាលឃុំបែកចាន ក្នុងការពង្រីកផ្លូវបេតុង ជួសជុលផ្លូវ និងដាក់អំពូលសូឡាអមតាមផ្លូវ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំ បែកចាន ស្រុក អង្គស្នួល ខេត្តកណ្ដាល។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថវិកាសប្បុរសធម៌របស់ លោកឧកញ៉ា នាពេលនេះ បានរួមចំណែកថ្មីបន្ថែមទៀត ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ធ្វើដំណើរឱ្យកាន់តែប្រសើរឡើង ជាពិសេសពង្រឹងសុវត្ថិភាពភូមិ ឃុំ តាមរយៈអំពូលសូឡាបំភ្លឺតាមដងផ្លូវថែមទៀតផង។ 

ជាការថ្លែងអំណរគុណ ដល់ទឹកចិត្ត និងបេះដូងសប្បុរធម៌ដ៏ប្រពៃ រដ្ឋបាលឃុំបែកចាន តាមរយៈលោកមេឃុំផ្ទាល់ បានចេញនូវលិខិតថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះ ជូនចំពោះ លោកឧកញ៉ា ហេង បូរិន និងក្រុមគ្រួសារ ដែលជានិច្ចជាកាល តែងតែបានរួមចំណែកជាមូលអាជ្ញាធរមូលដ្ឋាន ចំណាយធនធានថវិកា កសាងផ្លូវថ្នល់ ពង្រីកផ្លូវ ដើម្បីប្រយោជន៍សាធារណជន។ 

លោកឧកញ៉ា ហេង បូរិន មានប្រសាសន៍ថា មុនឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរនេះ ខ្ញុំមានឱកាសបានចូលរួមអភិវឌ្ឍន៍ពង្រីកផ្លូវ ជួសជុលផ្លូវ និងដាក់អំពូលសូឡាតាមផ្លូវជូនពុកម៉ែបងប្អូននៅមូលដ្ឋានឃុំបែកចានបន្ថែមទៀត។ ខ្ញុំ ពិតជាជ្រះថ្លា និងរំភើបខ្លាំងណាស់ ដែលបានឃើញស្នាមញញឹមពួកគាត់ ជាពិសេសបានចូលរួមពង្រឹងសុវត្ថិភាពធ្វើដំណើរទាំងយប់ ទាំងថ្ងៃ របស់ពួកគាត់ នោះជាអ្វីដែលខ្ញុំគិតដល់។ 

រំឮកថយក្រោយបន្តិច កាលពីចុងឆ្នាំ ២០២១ កន្លងទៅ ថវិកាជាង ១០០,០០០ដុល្លារ អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប លោកឧកញ៉ា ហេង បូរិន បានជូនកាដូដ៏ភ្ញាក់ផ្អើលមួយ ដល់បងប្អូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិរការធំ សង្កាត់បែកចាន ខណ្ឌកំបូល រាជធានីភ្នំពេញ តាមរយៈការឈូសឆាយ ចាក់ដី ធ្វើផ្លូវ រៀបចំប្រព័ន្ធលូ ផ្លូវបេតុងមួយខ្សែ ប្រវែងជិត ៤០០ម៉ែត្រ ផងដែរ ។

គួរបញ្ជាក់ថា លោកឧកញ៉ា ហេង បូរិន បច្ចុប្បន្ន គឺជាម្ចាស់គម្រោងអភិវឌ្ឍន៍ បុរី ហេង បូរិន និងជាអគ្គនាយកស្ថាប័នមីក្រូហិរញ្ញវត្ថុដ៏សកម្មមួយ។ តាមរយៈសកម្មភាពសប្បុរធម៌ ជួយសង្គមទាំងផ្ទាល់ខ្លួន និងជាមួយរាជរដ្ឋាភិបាល លោកត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទូលថ្វាយ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្ដល់គោរមងារជា “ឧកញ៉ា” កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២១ តាមព្រះរាជក្រឹត្យលេខ នស/រកត/០២២១/២១៦ ។ 

ក្រៅពីជាអ្នកជំនួញលើវិស័យអចលនទ្រព្យ ក្នុងស្រុកដ៏លេចធ្លោមួយរូប លោកឧកញ៉ា ហេង បូរិន ក៏មានតួនាទីផ្សេងទៀត ដូចជា ជាសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា របស់ អ្នកឧកញ៉ា គិត ម៉េង និងជាសមាជិកសកម្ម នៃ “សមាគមឧកញ៉ាកម្ពុជា” ដែលមាន អ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម ផងដែរ ៕