ឧកញ៉ា អែល សារ៉ុម៖ ចង់ក្លាយជាសហគ្រិន ត្រូវមានជំនាញនិងចំណេះដឹង

ជុំវិញ​ឧកញ៉ា

ឧកញ៉ា អែល សារ៉ុម អគ្គនាយកក្រុមហ៊ុន KEP Group Cambodia បានលើកឡើងថា បើចង់ក្លាយជា សហគ្រិន ចាំបាច់ត្រូវតែមានជំនាញនិងចំណេះដឹង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា អែល សារ៉ុម អគ្គនាយកក្រុមហ៊ុន KEP Group Cambodia

លើកឡើងនៅក្នុងបទសម្ភាសន៍មួយប្រមាណជាបីនាទី ឧកញ៉ា អែល សារ៉ុម បានចែករំលែកវិថី ដើម្បីក្លាយជា សហគ្រិន ឬជាថៅកែគេចំនួនពីរចំណុច។ ចំពោះលោកឧកញ៉ា ដើម្បីអាចជាថៅកែគេបាន យើងត្រូវតែមាន ចំណេះដឹង ជារឿងសំខាន់ណាស់ ព្រោះប្រសិនគ្មានចំណេះដឹង យើងមិនអាចគ្រប់គ្រង លើមុខជំនួញរបស់យើង បានទេ។ ចំណេះដឹងមិនមែនមានតែនៅក្នុងសៀវភៅទេ ចំណេះដឹងដែលទទួលបានពីបទពិសោធន៍ ក៏នាំយើង ទៅរកភាពជោគជ័យក្នុងអាជីវកម្មដែរ។ លោកឧកញ៉ា បន្ថែមថា បន្ទាប់ពីមានចំណេះដឹង យើងត្រូវមានជំនាញ។

ទាក់ទងនឹងចំណុចនេះ ស្ថាបនិក KEP Group Cambodia បន្តថា ជំនាញដែលយើងមានត្រូវតេស្ដវាជាប្រចាំ ហើយត្រូវសួរខ្លួនឯងថា តើជំនាញដែលយើងមានត្រូវនឹងបរិបទសង្គមដែរឬទេ? លោកឧកញ៉ា បានលើកជា ឧទាហរណ៍ថា ប្រសិនបើយើងមានជំនាញជាអ្នកចម្អិនម្ហូប ជាចុងភៅ តែយើងចេះតែចម្អិនម្ហូបអ៊ឺរ៉ុប តើយើងអាច មកបើកហាងលក់ឱ្យប្រជាជនខ្មែរ ហូបកើតទេ? ហាងនឹងដំណើរការបានល្អទេ? ចំណុចទាំងនេះ ជារឿងដែល ត្រូវ គិត ក្នុងនាមយើងជាសហគ្រិនម្នាក់។

លោកឧកញ៉ា បានសង្កត់ធ្ងន់ថា ជំនាញនិងចំណេះដឹងនេះ ត្រូវតែដើរទន្ទឹមគ្នា។ ក្នុងនាមជាអ្នកដឹកនាំ ក្រៅពី ចំណេះដឹងនិងជំនាញ យើងក៏ត្រូវមាន ចិត្តមេត្តា ករុណា មុទិតា ដែលជាព្រហ្មវិហារធម៌ ទាំងបួនរបស់អង្គ ព្រះ សម្មាសម្ពុទ្ធផងដែរ។ ផ្សេងពីនេះ អ្នករកស៊ី ត្រូវមានផងដែរនូវ សច្ច ខន្ដី កតញ្ញូ។ ការទៀតត្រង់នេះ ជារឿង សំខាន់ ណាស់ សម្រាប់អ្នករកស៊ី បើទោះបីជាយើងលំបាកយ៉ាងណាក៏ដោយ ថៅកែមិនត្រូវរត់ចោលកូនចៅទេ ត្រូវនៅកំសត់កម្រជាមួយគ្នា។ កត្តាគួបផ្សំចុងក្រោយ លោកឧកញ៉ា ថាបើចង់ក្លាយជាសហគ្រិន កុំឱ្យមានលុយ ប្ដូរនិស្ស័យឱ្យសោះ។

សូមជម្រាបជូនផងដែរថា ឧកញ៉ា អែល សារ៉ុម ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៣៤៕

អត្ថបទ៖ សុកធា