អ្នកឧកញ៉ា លី ហួរ និងឧកញ៉ា លី សុភ័ក្ត បង្ហាញអារម្មណ៍បែបណា ក្រោយក្រុមហ៊ុន លី ហួរ លីស៊ីង ចាប់ដៃគូវិនិយោគរួមគ្នាជាមួយ Hotai Finance Co.,Ltd?

ជុំវិញ​ឧកញ៉ា

ភ្នំពេញ៖ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី និងក្រុមហ៊ុន Hotai Finance Co.,Ltd បានបង្កើតមហាព្រឹត្តិការណ៍ដ៏អស្ចារ្យរួមគ្នាមួយ បង្ហាញពីការវិនិយោគរួមគ្នា ដែលប្រព្រឹត្តឡើងនៅល្ងាចថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្គាឌែនស៊ីធីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ លី ហួរ គ្រុប និងដៃគូអាជីវកម្មក្រុមហ៊ុនច្រើននាក់ មកចូលរួមអបអរសាទរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ លី ហួរ គ្រុប បានមានប្រសាសន៍ថា៖ “ក្នុងឱកាសពិសេសនេះ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយណាស់ ដែលក្រុមហ៊ុន ហូ ថៃ ហ្វាយណែន ខូអិលធីឌី ផ្តល់ទំនុកចិត្តចូលរួមវិនិយោគ ជាដៃគូយុទ្ធសាស្រ្តអាជីវកម្មក្នុងវិស័យហិរញ្ញវត្តុជាមួយក្រុមហ៊ុន លី ហួរ លីស៊ីង ដែលប្រទេសកម្ពុជាយើង គឺជាប្រទេសដែលមាន សុខសន្តិភាព ស្ថិរភាព និងសក្តានុពលសេដ្ឋកិច្ចរីកចម្រើនខ្លាំង នៅក្នុងតំបន់ និងមានការអភិវឌ្ឍឥតឈប់ឈរ ព្រមទាំងមានសក្តានុពលធនធានមនុស្សខ្លាំងក្នុងវិស័យហិរញ្ញវត្ថុ ក៏ដូចជាវិស័យផ្សេងៗទៀតដែលជួយជំរុញដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិកម្ពុជាទាំងមូល”។

ដោយឡែក ឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ លីស៊ីង ក៏បានមានប្រសាសន៍ថា៖ “ខ្ញុំបាទ ពិតជាមានក្តីសោមនស្សរីករាយណាស់ ចំពោះវត្តមានក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី ក្នុងពេលនេះ។ ក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី ជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុនាំមុខគេក្នុងតំបន់ ហើយក្រុមហ៊ុននេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ដែលផ្តោតសំខាន់ទៅលើសេវាកម្មបង់រំលស់រថយន្ត គ្រឿងចក្រ និងសម្ភារៈបរិក្ខារផ្សេងៗជាច្រើនទៀត។ ក្រុមហ៊ុននេះក៏បានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនក្នុងឆ្នាំ២០១៩ ផងដែរ។ ការផ្តល់ទំនុកចិត្តចូលរួមវិនិយោគរួមគ្នាជាដៃគូយុទ្ធសាស្រ្ត ជាមួយក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី នេះ ជាមោទនភាពមួយរបស់ខ្ញុំបាទ ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ ហើយវាក៏ជាកត្តាជំរុញទឹកចិត្តបន្ថែមអោយខ្ញុំ និងក្រុមការងាររឹតតែខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍខ្លួនទទួលបានការវិនិយោគថ្មីៗបន្ថែមទៀត”។

ចំពោះលោកប្រធាន លីវ យៀនស៊ឹង (LIU YUANSHENG) ក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី បានមានប្រសាសន៏ថា៖ “ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្ស និងមានកិត្តិយសខ្លាំងណាស់ ដែលមានវត្តមាននៅទីនេះ ក្នុង នាមតំណាងអោយក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី និងធ្វើជាសក្ខីភាពអោយ ក្រុមហ៊ុនឆ្នើមទាំងពីរ ដែលបានធ្វើកិច្ចសហការរួមគ្នា ដើម្បីស្វែងរកឧត្តមភាព និងភាពច្នៃប្រឌិតថ្មីៗឥតឈប់ឈរ។ កិច្ចសហប្រតិបត្តិការនេះ តំណាងឱ្យការចាប់ផ្តើមនៃសមិទ្ធិផលដែលសម្រេចបាន និងក្តីស្រមៃកាន់តែច្រើន”។

លោកបានបន្តថា៖ “ជាការពិតណាស់ យើងខ្ញុំពោរពេញដោយទំនុកចិត្តខ្ពស់ លើទស្សនវិស័យនៃការអភិវឌ្ឍរបស់ ប្រទេសកម្ពុជានាពេលអនាគត។ កម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលនៃកំណើនសេដ្ឋកិច្ច ហើយសក្តានុពល នៃការប្រើប្រាស់ទីផ្សារ និងការពង្រីកអាជីវកម្មនៅទីនេះនៅតែមានទំហំធំ។ នៅពេលអនាគត ក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី និងក្រុមហ៊ុន លីហួរ លីស៊ីង មានកិច្ចសហប្រតិបត្តិការួមគ្នា។ ក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី នឹងផ្តល់នូវបទពិសោធន៍ជោគជ័យក្នុងការអភិវឌ្ឍន៍អាជីវកម្ម រួមផ្សំជាមួយមូលដ្ឋានគ្រឹះប្រតិបត្តិការក្នុងស្រុកដ៏ស៊ីជម្រៅរបស់ក្រុមហ៊ុន លីហួរ លីស៊ីង។ នៅក្រោមសម្ព័ន្ធភាពដ៏រឹងមាំ ពិតជាអាចបង្កើតការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពមួយដ៏ធំទូលំទូលាយ និងនាំមកនូវភាពរីកចម្រើនយ៉ាងខ្លាំងដល់អាជីវកម្ម ហើយបន្ទាប់មកនឹងជោគជ័យនៅជំនួញថ្មីៗបន្តទៀត”។

សូមបញ្ជាក់ថា ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយបានចុះបញ្ជីលេខ ០០០០០៦៩៤ ជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញអោយមានសេវាកម្មភតិសន្យារថយន្តនៅលើទីផ្សារកម្ពុជា។ ក្រុមហ៊ុន លី ហួរ លីស៊ីង បានបោះជំហ៊ានយ៉ាងលឿន ដោយធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណជាផ្លូវការ នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៦ ព្រមទាំងបង្កើតសេវាកម្មភតិសន្យាម៉ូតូនៅឆ្នាំ២០១៧ និងសេវាកម្ម Lease-back នៅឆ្នាំជាបន្តបន្ទាប់ទៀត ដោយបង្កើនដើមទុនពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ ក្នុងឆ្នាំ ២០២៣នេះ គឺក្រុមហ៊ុនគម្រប់ខួប៨ឆ្នាំ ហើយក្រុមហ៊ុននៅតែបន្តនិរន្តរភាព ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងយូរអង្វែងដើម្បីអោយក្លាយជាមជ្ឈមណ្ឌលបង់រំលស់ឈានមុខគេនៅកម្ពុជា។ ដោយមើលឃើញពីភាពលូតលាស់ឥតឈប់ឈររបស់ក្រុមហ៊ុន មជ្ឈដា្ឋនដៃគូសហការបានចាប់អារម្មណ៍វិនិយោគរួមគ្នា ដើម្បីពង្រីកសក្តានុពលក្រុមហ៊ុនកាន់តែធំទូលាយទូទាំងប្រទេស។