ឧកញ៉ា សឹង ចាតវិជ្ជា៖ សហគ្រិនពេលចេញធ្វើអាជីវកម្មត្រូវរៀបផែនការឱ្យបានច្បាស់លាស់

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សឹង ចាតវិជ្ជា ​​ប្រធាន​ក្រុមប្រឹក្សាភិបាល​​ក្រុមហ៊ុន ម៉ូរៀ ផ្ដាំផ្ញើដល់សហគ្រិនទាំងអស់ ពេលចេញធ្វើអាជីវកម្មត្រូវមានផែនការឱ្យបានច្បាស់លាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ ស្ថាបនិក ម៉ូរៀ បានចែករំលែកបទពិសោធន៍ក្នុងការធ្វើអាជីវកម្មដល់សហគ្រិនទាំងអស់នៅក្នុងស្រុក ពេលឈានជើងចូលប្រឡូកក្នុងអាជីវកម្មត្រូវគិតឱ្យបានច្បាស់លាស់ ចៀសវាងដួលរលំនៅថ្ងៃណាមួយ។

ឧកញ៉ា សឹង ចាតវិជ្ជា

ឧកញ៉ា សឹង ចាត វិជ្ជា បានលើកឡើងថា «ក្នុងការរកស៊ី សហគ្រិនទាំងអស់ត្រូវមានផែនការអាជីវកម្មសម្រាប់រយៈពេលមួយឆ្នាំ រៀបចំតាំងពីខែមករា ដល់ខែធ្នូ ថាតើក្នុងមួយខែយើងត្រូវធ្វើអ្វីខ្លះ? ត្រូវមានសកម្មភាពបែបណា សម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីឆ្លើយតបនឹងចក្ខុវិស័យរបស់ក្រុមហ៊ុនដែលបានដាក់ចេញ។»

លោកឧកញ៉ា បន្តថា  នៅពេលដែលសហគ្រិនរៀបចំផែនការបានច្បាស់លាស់ពេលមានឧបសគ្គណាមួយយើងអាចដោះស្រាយទាន់ពេលវេលា និងអាចបត់បែនបានលឿន។ ជាក់ស្ដែងដូចក្រុមហ៊ុនរបស់លោក ក្នុងបរិបទកូវិដ-១៩ ដែលមនុស្សអត់អាចមកទិញផលិតផលផ្ទាល់ដល់ហាងបាន អ៊ីចឹងក្រុមហ៊ុនបានផ្លាស់ប្ដូរគោលការណ៍ខ្លះ ដោយលក់វេចខ្ចប់ជូនអតិថិនជនវិញ។ ភាពឈ្លាសវៃនៃការបត់បែនធ្វើអាជីវកម្មនេះ ធ្វើឱ្យក្រុមហ៊ុនទទួលបានអតិថិជនច្រើនជាបន្តបន្ទាប់ និងឆ្លងកាត់កូវិដ-១៩ ទៅបានយ៉ាងរលូន។

លោកឧកញ៉ា គូសបញ្ជាក់ថា សហគ្រិនខ្លះ គ្រាន់តែបានលឺគេនិយាយពីរឿងរកស៊ីកាក់កប ក៏សម្រេចចូលធ្វើអាជីវកម្មនោះ ទាំងដែលខ្លួនអត់មានមូលដ្ឋានគ្រឹះរឹងមាំ គ្មានផែនការច្បាស់ច្បាស់លាស់។ ការណ៍នេះ នឹងធ្វើឱ្យសហគ្រិនទាំងនោះដួលរលំជាបន្តបន្ទាប់។

សូមជម្រាបជូនផងដែរថា ឧកញ៉ា សឹង ចាតវិជ្ជា គឺជាសហគ្រិនវ័យក្មេងមួយរូប ជា​​ប្រធាន​ក្រុមប្រឹក្សាភិបាល​​ក្រុមហ៊ុន ម៉ូរៀ ផ្ដើមចេញរកស៊ីដំបូងដោយចាយដើមទុនត្រឹមតែ៣០០០ដុល្លារ រហូតដល់ឆ្នាំ២០២០ លោកឧកញ៉ា បានចាប់រកស៊ីលើការនាំចូលអាហារបំប៉ន និងគ្រឿងសំអាងពីប្រទេសកូរ៉េ។ លោកទទួលបានគោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣៕

អត្ថបទ៖ សុកធា