ភាគ១៖ តើស្តេចក្រាញ់អចលនទ្រព្យ ពុង ឃាវសែ ទទួលបានគោរមងារ «ឧកញ៉ា» នៅឆ្នាំណា?

ជុំវិញ​ឧកញ៉ា

កាល១០ឆ្នាំជាងមុន បើគេនិយាយដល់អគារខ្ពស់កប់ពពកនៅកម្ពុជា គឺគេស្គាល់តែអគារ កាណាឌីយ៉ា តាមបណ្តោយផ្លូវមុន្នីវង្ស។ អគារពាណិជ្ជកម្មចម្រុះកម្ពស់ ៣២ជាន់នេះ ជាសំណង់អគារខ្ពស់ដំបូងនៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលជាង ១០ឆ្នាំមុនដែលវិនិយោគដោយពាណិជ្ជករកូនខ្មែរ ពុង ឃាវសែ ដែលចាប់ផ្តើមសន្សំលុយពីប្រទេសកាណាដាមករកស៊ីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ពុង ឃាវសែ មានមុខជំនួញស្ទើរគ្រប់គ្រងសេដ្ឋកិច្ចកម្ពុជាទាំងមូលទៅហើយ ក៏ព្រោះអ្នកឧកញ៉ាបានបោះទុនរាប់ពាន់លានដុល្លារវិនិយោគគម្រោងធំៗជាច្រើនដើម្បីបន្សល់ទុកជាកេរដំណែចុងក្រោយ ខណៈបច្ចុប្បន្ននេះក្រុមហ៊ុន វិនិយោគអណិកជនក្រៅប្រទេស OCIC បានក្តោបក្តាប់គម្រោងធំៗរបស់រាជរដ្ឋាភិបាលជាច្រើន ព្រមទាំងគម្រោងព្រលានយន្តហោះតេជោតាខ្មៅថ្មី, គម្រោងធំៗនៅក្នុងតំបន់ស្តាតអូឡាំពិក, គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស, គម្រោងមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតអន្តរជាតិ OCIC ជ្រោយចង្វារ និងគម្រោងអភិវឌ្ឍន៍កោះនរាជាដើម។

បើនិយាយដល់ជីវិតឯកជនរបស់អ្នកឧកញ៉ា ពុង ឃាវសែ វិញម្តង គឺលោកត្រូវបានធុរជនក្នុងស្រុក និងបរទេសមួយចំនួនចាត់ទុកលោកជាគម្រូមួយក្នុងការចាប់ផ្តើមធ្វើជំនួញ ការវិនិយោគ ពាណិជ្ជកម្ម និងកិច្ចការងារមនុស្សធម៌។ នៅប្រទេសកម្ពុជា បើបុគ្គលរូបណាដែលមានទ្រព្យធនធាន ហើយបានចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាលើវិស័យសង្គមកិច្ច សុខាភិបាល និងសាសនា នឹងត្រូវទទួលបានការផ្តល់កិត្តិយសជាគ្រឿងឥស្សរិយយស ឬលិខិតថ្លែងអំណរគុណ ពីព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ លើសពីនេះ ក៏មានបុគ្គលមួយចំនួនត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារ«លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា» ដើម្បីសរបញ្ជាក់ពីគុណតម្លៃនៃការចូលរួមរបស់រូបវន្តបុគ្គលក្នុងការអភិវឌ្ឍប្រទេសជាតិ។

និយាយដល់អ្នកឧកញ៉ា ពុង ឃាវសែ វិញក៏មិនខុសពីបុគ្គលផ្សេងទៀតដែរ ដែលបានចូលរួមជួយអភិវឌ្ឍន៍យ៉ាងសន្ធឹកសន្ធាប់។ តើពាណិជ្ជករជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន OCIC រូបនេះទទួលបានគោរមងារ«ឧកញ៉ា និងអ្នកឧកញ៉ា» តាំងថ្ងៃខែឆ្នាំណា?

យោងតាមសៀវភៅរាជកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា លោក ពុង ឃាវសែ ទទួលបានគោរមងារ«ឧកញ៉ា» ពីព្រះមហាក្សត្រនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៩ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១០៩/០៧៥ ។ រំលងបានប្រមាណ ១៥ឆ្នាំទើបលោកទទួលបានគោរមងារ«អ្នកឧកញ៉ា» គឺនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៤៧៧ ។

យ៉ាងណានៅចន្លោះពីឆ្នាំ២០០៩មកដល់ឆ្នាំ២០២៣ មនុស្សភាគច្រើនបានប្រសិទ្ធិនាម ហៅ ឧកញ៉ា ពុង ឃាវសែ ថា អ្នកឧកញ៉ា ពុង ឃាវសែ តាំងពីមិនទាន់ទទួលបានគោរមងារជាផ្លូវការមកម្លេះ ពិសេសក្នុងនោះគឺឃើញមានច្រើននៅក្នុងបណ្តាញសារព័ត៌មាននានា។ ការដែលហៅថា អ្នកឧកញ៉ា ពុង ឃាវសែ ទាំងមិនទាន់ទទួលងារផ្លូវការ ទំនងផ្អែកលើសកម្មភាពជំនួញ និងវ័យរបស់លោកដែលកាន់តែជ្រាលឡើងៗ ខណៈគិតមកដល់ពេលបច្ចុប្បន្ននេះលោកនៅមិនទាន់បញ្ចេញអ្នកបន្តវេនជាផ្លូវការនៅឡើយដែលនឹងមកដឹកនាំអាណាចក្រជំនួញប្រាក់ពាន់លានដុល្លាររបស់អ្នកឧកញ៉ាជាស្តេចក្រាញ់អចលនទ្រព្យដ៏ឆ្នើមនៅប្រទេសកម្ពុជារូបនេះ។

ក្រៅពីមានមុខជំនួញជាច្រើននៅក្នុងដៃ អ្នកឧកញ៉ា ក៏​ជា​​ប្រធាន​សមាគមអ្នកសាងសង់កម្ពុជា និង​ជាអនុប្រធានសមាគម​មិត្តភាពកម្ពុជា-ឡាវ ព្រម​ទាំង​តួនាទី​​នៅ​ក្នុង​សមាគម​​មួយ​ចំនួន​ទៀត៕​