លម្អិតលទ្ធផលក្រោយ ឧកញ៉ា ហុង ឆេងឈុន និងមន្ត្រីតំណាងក្រសួងស្ថាប័នរដ្ឋចំនួន ៤ ជិះយន្តហោះទៅគោះទ្វារវិនិយោគិនដល់ប្រទេសឥណ្ឌូនេសុី 

ជុំវិញ​ឧកញ៉ា

រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ បានដឹកនាំប្រតិភូប្រមាណជាង១០ ក្រុមហ៊ុន រួមទាំងមន្ត្រីតំណាងស្ថាប័នរដ្ឋចំនួន ៤ ស្ថាប័ន រួមមានមន្ត្រីតំណាងនៃក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា មន្ត្រីតំណាងនៃក្រសួងពាណិជ្ជកម្ម មន្ត្រីតំណាងនៃក្រសួងរ៉ែ និងថាមពល និងមន្ត្រីតំណាងនៃក្រសួងអភិវឌ្ឍន៍ជន ដេីម្បីចូលរួមក្នុងកម្មវិធីផ្គផ្គងធុរកិច្ចរៀបចំឡេីងដោយ ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំប្រទេសកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងស្ថាប័នឯកជនឥណ្ឌូនេស៊ីធំៗ ចំនួន ៨ ក្រុមហ៊ុន ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់ឱ្យដឹងពី លោកឧកញ៉ា ហុង ឆេងឈុន ជំនួបឆ្លងប្រទេសថ្នាក់ក្រសួងស្ថាប័នពាក់ព័ន្ធរយៈពេល ៣ថ្ងៃ កន្លងមកនេះ ពិតជាសម្រេចបាននូវកាលានុវឌ្ឍន៍ភាពគួរជាទីមោទនបំផុត ខណៈដែលក្រោយជំនួបពិភាក្សាផ្លាស់ប្ដូរយោបល់ និងការធ្វើបទបង្ហាញពីទីតាំង និងឱកាសនៃការវិនិយោគនៅកម្ពុជា លើវិស័យជាច្រើននៅកម្ពុជា ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក៏ដូចជាប្រធានក្រុមហ៊ុនធំៗលំដាប់ជួរមុខ នៅឥណ្ឌូនេសុីសុទ្ធតែចាប់អារម្មណ៍ និងបង្ហាញពីឆន្ទៈចង់មកបន្តសិក្សាស្វែងយល់ផ្ទាល់នៅកម្ពុជា តាមការកំណត់កាលបវិច្ឆេទយ៉ាងច្បាស់លាស់បំផុត។ ជាពិសេស ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក៏បានបង្ហាញពីផែនការដឹកនាំគណៈប្រតិភូ និងអ្នកជំនួញឥណ្ឌូណេសុី មកធ្វើទស្សនកិច្ចធុរកិច្ចនៅកម្ពុជាក្នុងខែកញ្ញា ខាងមុខផងដែរ។

តើរយៈពេល ៣ថ្ងៃ នេះបេសសកម្មរបស់គណៈប្រតិភូនៃសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ និងក្រសួងរដ្ឋទាំង ៤ ពីកម្ពុជា ជិះយន្តហោះទៅគោះទ្វារទាក់ម៉ូយវិនិយោគិននៅប្រទេសឥណ្ឌូនេសុី សម្រេចបានផ្លែផ្កាជាវិជ្ជមានអ្វីខ្លះ? 

បេសកកម្មថ្ងៃទី១៖ 

ថ្ងៃទី២៩ ខែកុម្ភៈ ជំនួបរវាងសមាគម ស.ស.យ.ក.ស.អ និងក្រុមហ៊ុន PT. Citatah Tbk ក្រុមហ៊ុន PT. Citatah Tbk ក្រុមហ៊ុនថ្មអារធំជាងគេនៅឥណ្ឌូនេសុី បានស្វែងយល់ពីបរិយាកាសទូទៅនៃអាជីវកម្មរ៉ៃថ្មអា ព្រមទាំងសន្យាថា នឹងមកទស្សនៈកិច្ចនៅទីតាំងថ្មអារនៅកម្ពុជានាពេលខាងមុខ។ ក្រុមហ៊ុន PT. Triniti Dinamik ជាក្រុមហ៊ុនTop 10 ហើយក៏កំពុងចាប់អារម្មណ៍ពីការវិនិយោគទីក្រុងថ្មីអរិយក្ស័ត្រ និងមានបំណងស្វែងយល់បន្ថែមពីគម្រោងតំបន់ឆ្នេរប្រទេសកម្ពុជាថែមទៀតផង។ បន្ថែមពីនេះ ប្រធានសមាគមHipmi ដែលជាសមាគមវ័យក្មេង មានសមាជិកប្រមាណ ១០០០០នាក់ នៅប្រទេសឥណ្ឌូនេសុី ក៏មានបំណងដឹកនាំសមាជិករបស់ខ្លួនមកធ្វើ Business matching event ជាមួយកម្ពុជានាចុងឆ្នាំ២០២៤ នេះ ផងដែរ។

បេសកកម្មថ្ងៃទី២៖ 

ថ្ងៃទី១ ខែមីនា លោក ឧកញ៉ា ហុង ឆេងឈុន ប្រធាន សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ បានបន្តដឹកនាំគណៈប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំ ជាមួយក្រសួងក្រុមប្រឹក្សាសម្របសម្រួលការវិនិយោគនៃសាធារណរដ្ឋឥណ្ឌូនេស៊ីរបស់ឥណ្ឌូនេស៊ី ដោយមានវត្តមាន ឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបកិច្ចប្រជុំ សមាគមទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងទទួលបានលទ្ធផលជាផ្លែផ្កា ដោយក្រុមប្រឹក្សាសម្របសម្រួលការវិនិយោគឥណ្ឌូនេសុី សន្យានឹងដឹកនាំប្រតិភូអ្នកវិនិយោគឥណ្ឌូនេសុីប្រមាណ ១៦ ក្រុមហ៊ុនទៅកម្ពុជា នាខែមិថុនា ខាងមុខនេះ។ 

បេសកម្មថ្ងៃទី២ ដដែលនេះ ក្នុងជំនួបជាមួយនឹងក្រុមហ៊ុន Waskita Karya ដែលជាក្រុមហ៊ុនរដ្ឋ ដ៏ធំលេីវិស័យសំណង់ វិស្វកម្ម និងផលិតកម្មដែកថែប សមាគម ទទួលបានការចែករំលែកបទពិសោធន៍ស្តីពីវិស័យសំណង់ វិស្វកម្ម ព្រមទាំង ផលិតកម្មដែកថែប និងក្រុមហ៊ុន Sinar Mas Group  ដែលជាក្រុមហ៊ុនTop 5 កំពុងតែអភិវឌ្ឍន៍ទៅលេីទីក្រុងឆ្លាតវៃ BSD City ឥណ្ឌូនេស៊ី លើទំហំផ្ទៃដីប្រមាណជាង ៦០០០ហិកតា និងសាងសង់រួចបាន៨០% ផងដែរ។ ជាលទ្ធផល ថ្នាក់ដឹកនាំក្រុមហ៊ុន Sinar Mas Group ក៏បានធ្វើបទបង្ហាញនិងចែករំលែកចំណេះដឹងក្នុងការអភិវឌ្ឍទីក្រុងរណបថ្មីហើយក៏មានចំណាប់អារម្មណ៍ចង់វិនិយោគលើការសាងសង់លំនៅឋាន អាគាពាណិជ្ជកម្ម នៅក្រុងរណបអរិយក្សត្រ ក្រុងកែប និងកំពត ផងដែរ។ 

បេសកកម្មថ្ងៃទី៣៖ 

ថ្ងៃទី២ ខែមីនា សមាគម CYEAD និងសមគម JCI Indonesia សម្រេចចុះអនុស្សារណៈយោគយល់គ្នាជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។  បន្ថែមពីនោះ ឧកញ៉ា ហុង ឆេងឈុន និងប្រតិភូក្រសួងពាក់ព័ន្ធ ក៏មានជំនួបការងារ ជាមួយក្រុមហ៊ុន KANA ដែលជាក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមធំជាងគេនៅឥណ្ឌូនេសុី និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុុមហ៊ុនគ្រឿងសង្ហារឹមធំៗ ទាំង១០ លើពិភពលោក។ ក្រុមហ៊ុន KANA ក៏ចាប់អារម្មណ៍មកធ្វើការសិក្សាទីផ្សារ និងលទ្ធភាពវិនិយោគនៅកម្ពុជាជាផ្លូវការ ព្រមទាំងមកធ្វើទសន្សនៈកិច្ចមកកម្ពុជានាពេលចុងឆ្នាំ២០២៤ ថែមទៀតផង។