អ្នកឧកញ៉ា សុខ គង់ ចុះពិនិត្យការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ និងបង្ហាញពីវឌ្ឍនភាពនៃការសាងសង់

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប កាលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ ដែលមានទីតាំងនៅលើខ្នងភ្នំបូកគោ ក្នុងតំបន់វាលស្រែប្រាំរយ នៃខេត្តកំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាដ៏ធំនេះដែរ ក្រុមហ៊ុនបានបង្ហាញពីវឌ្ឍនភាពនៃការសាងសង់ ដែលបច្ចុប្បន្ននេះ ខឿននិងបល្ល័ង្កព្រះអង្គ មានកម្ពស់សរុប២៧ម៉ែត្រនឹងបញ្ចប់ការងារសាងសង់ក្នុងពេលឆាប់ៗ ហើយបន្ទាប់ពីនេះ នឹងចាប់ផ្ដើមបន្តតម្លើងពុម្ព ដើម្បីកសាងរូបព្រះអង្គ។ ក្រុមហ៊ុន បានបញ្ជាក់ថា ដូច្នេះក្នុងពេលឆាប់ៗនេះ ព្រះពុទ្ធប្បដិមាកម្ពស់១០៨ ម៉ែត្រនឹងលេចរូបរាងឡើងបន្តិចម្តងៗ។

ជាមួយគ្នានេះ ស្របពេលដែលការសាងសង់វត្តព្រះអង្គធំភ្នំបូកគោ កំពុងដំណើរការយ៉ាងសស្រាក់សស្រាំ ផ្លូវចូលទៅកាន់ទីតាំងវត្តព្រះអង្គធំភ្នំបូកគោ ក៏កំពុងដំណើរការចាក់បេតុងផងដែរ។

សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ បាននឹងកំពុងដំណើរការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រដ៏ស្កឹមស្កៃ នៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូ ដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នាគោរពប្រណិប័តន៍ ហើយព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃនេះ នឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែរជារហូតតរៀងទៅ៕