កូនប្រុសពៅសម្ដេច សុខ អាន ចូលរោងការជាមួយកូនស្រីឧកញ៉ា កែវ មុំ ជាផ្លូវការ នៅព្រឹកនេះ

ជុំវិញ​ឧកញ៉ា

លោក សុខ សង្វារ រដ្ឋលេខាធិការ​ក្រសួងមុខងារសាធារណៈ ​ដែលជា​កូនប្រុស​ពៅ​របស់​​សម្ដេច​វិបុល​បញ្ញា សុខ អាន​​​​ បាន​ចូលរោងជ័យ​រៀប​មង្គលការ​​​​ជាមួយ​កញ្ញា អ៊ឹង ឈីវលី ហៅ​ លីលី ម្ចាស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លីលី និងជា​កូនស្រី​របស់​លោកស្រី​ឧកញ៉ា កែវ មុំ ​​នៅ​គេហដ្ឋាន​​សម្ដេច សុខ អាន លើ​​ផ្លូវ​សម្ដេច​ប៉ាន នាព្រឹក​ថ្ងៃ​ពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​មុន​ដល់​ថ្ងៃ​ចូលរោងជ័យ​នេះ លោក​ សុខ សង្វារ ក៏​បាន​បង្ហាញ​រូបថត​​​ដែល​ខ្លួន​និង​ភរិយា​ ថត​ក្នុង​ប្លង់​ដូច​គ្នា​កាល សម្ដេច​វិបុល​បញ្ញា សុខ អាន ​និង​លោកស្រី ថេង អាយអាន្នី ​​បាន​ថត​ជាមួយ​គ្នា អំឡុង​ទសវត្សរ៍​ឆ្នាំ៨០។ លោក​ ​សង្វារ ​​បាន​លើក​ឡើង​លើ​ទំព័រហ្វេសប៊ុក កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ “ចូលរោងការស្អែកហើយ ខ្ញុំបានសួរម៉ែថា តើរូបនេះថត​ពីពេល​ណា? ម៉ែថាថតក្រោយសម័យប៉ុល ពត ប្រហែលអំឡុងឆ្នាំ១៩៨៥-១៩៨៧។ ស្រដៀងគ្នាដែរ នៅ២០២៤ ខ្ញុំឈរនៅទីនេះ​ជាមួយលីលី នៅ៤ទសវត្សក្រោយ”។

លោកស្រីឧកញ៉ា កែវ មុំ បាន​​បញ្ជាក់​ឱ្យ​ដឹង​តាម​បណ្តាញ​សង្គម​ថា កម្មវិធីសិរីមង្គលកូនប្រុសកូនស្រី​​ ​​នឹង​​ប្រព្រឹត្ត​ធ្វើ​ឡើង​រយៈពេល ២​ថ្ងៃ​ពេញ​តែ​ម្តង គឺ​នៅ​ថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៤។ លោកស្រីឧកញ៉ា ក៏​ធ្លាប់​បាន​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​មង្គលការ​កូនស្រី​របស់​លោកស្រី​នេះ ​​នឹងមានចាក់បញ្ចាំង នូវទីរមណីយដ្ឋាន ស្អាតប្លែក ប្រណិត អស្ចារ្យ មច្ឆរិយៈ ក្នុង​ប្រទេសកម្ពុជា ជាច្រើនកន្លែង៕