ក្រៅពីការងារជួយសង្គម ឧកញ៉ា ហេង បូរិន មិនភ្លេចលើកទឹកចិត្តក្រុមការងារ ថ្មីៗនេះ ទិញរថយន្តមួយគ្រឿងទៀតជូនបុគ្គលិកឆ្នើម

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ហេង បូរិន ប្រធាន​ក្រុមប្រឹក្សាភិបាល​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដ៏​ធំមួយ​ និងជាអគ្គនាយក ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប​​ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន កាលពី​ថ្ងៃទី២៨ ខែមីនា បាន​ប្រគល់​រថយន្តថ្មីស្រឡាង​មួយ​គ្រឿង​ ម៉ាក Toyota Hilux​ Rally​ ស៊េរីឆ្នាំ២០២៤ ដល់បុគ្គលិកឆ្នើមមួយរូបទៀត ដែល​មាន​ស្នាដៃ​ល្អ​ រួមចំណែកជាមួយ​ក្រុមហ៊ុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ម្ចាស់គម្រោងបុរី ហេង បូរិន ​​បាន​លើក​ឡើង​លើ​​ទំព័រ​ហ្វេសប៊ុក​ ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមីនា​ យ៉ាង​ដូច្នេះ​ថា ៖ «ភាព​ស្មោះត្រង់​ ការ​ខិតខំ​ប្រឹងប្រែង​ លទ្ធផល​ការងារ​ល្អ​ គឺ​ជា​អាវុធ​ប្រចាំ​កាយ​ ដើម្បី​កែ​ប្រែ​ជោគវាសនា​របស់​ខ្លួន​ ឱ្យ​ប្រសើរ​ឡើង​ នេះ​ជា​លើក​ទី​៣ ហើយ ​ដែល​ផ្ដល់​ជូន​ដល់​បុគ្គលិក​មាន​ស្នាដៃ​ ។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹងមាន​បុគ្គលិក​ផ្សេង​ៗ​ទៀត​ នឹង​ទទួល​បាន​ដូច​ជា​គាត់​ផង​ដែរ​ »។

លោកឧកញ៉ា អគ្គនាយក ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប​​ តែងតែបង្ហាញសកម្មភាពយកចិត្តទុកដាក់ និងលើកទឹកចិត្ត​ដល់បុគ្គលិក​ថ្នាក់ក្រោម តាមគ្រប់រូបភាព។ ហើយនេះ​ ក៏ជា​​លើក​ទី​៣​ ដែល​លោក​​ឧកញ៉ា បាន​ប្រគល់​ រថយន្ត​ស៊េរីថ្មី ​ដល់​បុគ្គលិក​ ដែល​មាន​ស្នាដៃ​ជាមួយក្រុមហ៊ុន ខណៈ​ដែល​លោក​ឧកញ៉ា ​រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗទៀត ក៏ធ្លាប់បាន​ប្រគល់​រថយន្ត​​​​លើកទី២ ​ថ្មីស្រឡាង​ដូចគ្នា​ ជូន​​ដល់​បុគ្គលិក​ឆ្នើម​មួយ​រូប កាល​​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លង​ទៅ។

ក្រៅពីការលើកទឹកចិត្តបុគ្គលិកគ្រប់ជាន់ថ្នាក់ តាមគ្រប់រូបភាព លោកឧកញ៉ា ហេង បូរិន ដែលមានតួនាទីជាសមាជិកសកម្មសមាគមឧកញ៉ាកម្ពុជា ផងនោះ ក៏តែងតែភ្ជាប់ខ្លួន រួមដំណើរ សឹងគ្រប់កម្មវិធីសប្បុរសធម៌ចុះជួយសង្គមជាច្រើន ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ និងសមាជិករបស់សមាគមឧកញ៉ាកម្ពុជា ផងដែរ។

សូមជម្រាបថា លោកឧកញ៉ា ហេង បូរិន គឺជាសហគ្រិនក្នុងស្រុកមួយរូប ដែលបាននឹងកំពុងបន្តសកម្មភាពវិនិយោគ និងផ្ដល់ឱកាសការងារជាច្រើនកន្លែងដល់បុគ្គលិកគ្រប់ផ្នែកដែលពាក់ព័ន្ធ។ ក្រុមហ៊ុន ហេង បូរិន គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ដែលកំពុងប្រតិបត្តិការអាជីវកម្មយ៉ាងរឹងមាំ រួមមាន៖ គម្រោងបុរី ហេង បូរិន គ្រុប មានទីតាំងស្ថិតនៅសង្កាត់បែកចាន ខណ្ឌកំបូល, គ្រឹះស្ថានមីក្រូហិរញ្ញ រួមទាំងអាជីវកម្មជាច្រើនផ្សេងទៀត ថែមទៀតផង៕