អ្នកឧកញ៉ា គិត ម៉េង រំពឹងថាឌីជីថលនីយកម្ម នឹងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានដល់ ១ទ្រីលានដុល្លារ នៅត្រឹមចុងទសវត្សរ៍នេះ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា ដាក់ក្ដីរំពឹងថាឌីជីថលនីយកម្ម នឹងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានដល់ ១ទ្រីលានដុល្លារ នៅត្រឹមចុងទសវត្សរ៍នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដាក់ក្ដីរំពឹងរបស់អ្នកឧកញ៉ា ធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលកម្ពុជា-អាស៊ាន ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

យោងតាមរបៀបវារៈនៃកម្មវិធី អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា របៀបវារៈរបស់យើងនឹងធ្វើឡើង លើការជំរុញការតភ្ជាប់ប្រកបដោយប្រសិទ្ធិភាព, គាំទ្រនវានុវត្ដន៍ និងឌីជីថលនីយកម្ម តាមរយៈបច្ចេកវិទ្យា និងធានាបាននូវកំណើនប្រកប ដោយបរិយាបន្ន ដែលមិនទុកនរណាម្នាក់ចោល។ ការតភ្ជាប់គឺជាសរសៃឈាមជីវិត នៃវិបុលភាពសេដ្ឋកិច្ច យើងស្វែងរក ការកសាងទំនាក់ទំនងសេដ្ឋកិច្ច ការបង្រួបបង្រួមទីផ្សារប្រជាជន និងសេចក្ដីប៉ងប្រាថ្នារបស់ប្រទេសទាំង១០របស់យើង។

បន្ថែមទៀតនោះអ្នកឧកញ៉ា លើកជាឧទាហរណ៍ថា ខ្ញុំសូមជំរុញឱ្យមានការវិនិយោគបន្ថែមទៀត ដើម្បីសម្រេចបាននូវការ តភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន។ គំនិតផ្ដួចផ្ដើមបដិវត្ដកម្មនេះ អនុលោមទៅតាមធម្មនុញ្ញនៃការតភ្ជាប់អាស៊ាន ដោយផ្ដល់នូវសក្ដានុពលសម្រាប់ផលចំណេញដ៏សំខាន់ រួមទាំងការពង្រឹងសន្ដិសុខថាមពល និងកំណើនសេដ្ឋកិច្ចសម្រាប់តំបន់ តាមរយៈកិច្ចសហប្រតិបត្ដិការ និងការតភ្ជាប់ឆ្លងដែន ការលើកកម្ពស់នវានុវត្ដ និងការទទួលយកឌីជីថលនីយកម្ម តាមរយៈបច្ចេកវិទ្យា វិស័យឯកជនអាចបញ្ចេញសក្ដានុពលបន្ថែមទៀតនៅក្នុងតំបន់របស់យើង ដែលមានទំហំធំជាង ផលសរុបនៃ ប្រទេសជាសមាជិកទាំងអស់។

ជាមួយគ្នា នៅក្រោមផែនការសកម្មភាពក្របខណ្ឌសមាហរណកម្មឌីជីថលអាស៊ាន បរិវត្តកម្មបច្ចេកវិទ្យាឌីជីថល មានសារៈសំខាន់ នៅក្នុងការបង្ការសេដ្ឋកិច្ចតាមរយៈប្រសិទ្ធិភាព លទ្ធភាព និងគំនិតថ្មីៗ។ ដូច្នេះហើយទើបមានការរំពឹងថា ឌីជីថលនីយកម្មបន្ថែមទៀត នឹងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានដល់ទៅចំនួន១ទ្រីលានដុល្លារ នៅត្រឹមចុងទសវត្សរ៍នេះ។

អ្នកឧកញ៉ា គិត ម៉េង បញ្ជាក់ថា ពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ានមានការរីកចម្រើនជាប់លាប់ ដែលមានកម្រិតលើស ពីការពង្រីកពាណិជ្ជកម្មពិភពលោក ដែលនេះគឺជាសក្ខីភាពមួយចំពោះការរួបរួម និងចក្ខុវិស័យរួម សម្រាប់វឌ្ឍនភាព ស្ថានភាពពិភពលោក កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស។

ទន្ទឹមនឹងនេះដែរ អាស៊ានបានត្រៀមលក្ខណៈជាស្រេច សម្រាប់ចាប់យកនៅឱកាសនាពេលអនាគត។ អាស៊ានត្រូវបានព្យាករណ៍ថានឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៤ នៅលើពិភពលោក នៅឆ្នាំ២០៣០ ជាមួយផលិតផលក្នុងស្រុកសរុបចំនួន ១០ទ្រីលានដុល្លារ៕