ឧកញ៉ាបណ្ឌិត ហេង វ៉ាន់ដា សហប្រធានក្រុមការងារ “ដ” ផ្នែកឯកជន នៅរសៀលថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ដ” “ផ្នែកអប់រំ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងតំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, តំណាងសហព័ន្ធសេវាអប់រំនៅកម្ពុជា, តំណាងសមាគមវិនិយោគិនកម្ពុជា, តំណាងគ្រឹះស្ថានអប់រំឯកជន និងសមាជិក សមាជិកនៃក្រុមការងារ “ដ” ជាច្រើនទៀត។
បើតាមសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ ក៏ដូចជាបន្តលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធថ្មីៗបន្ថែមទៀត ទាក់ទងនឹងវិស័យអប់រំ ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងអប់រំ យុវជន និងកីឡា នាពេលឆាប់ៗខាងមុខនេះ។
ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈមចាស់ និងថ្មីមួយចំនួនរួមមាន៖ ១. រយៈពេលនៃការចេញអាជ្ញាប័ណ្ណសម្រាប់ការផ្លាស់ប្តូរទីតាំង , ២, ការប្រើប្រាស់ហត្ថពលកម្មបរទេស, ៣, បញ្ហាកុមារដែលគ្រប់អាយុចូលរៀន , ៤. រយៈពេលនៃការបញ្ជាក់ភាពត្រឹមត្រូវលើសញ្ញាប័ត្រ, ៥. ការប្រឡងសិស្សពូកែ, ៦. ការដោះស្រាយបញ្ហាប្រឈមរបស់ក្រុមការងារផ្នែកអប់រំផ្នែកឯកជន រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕




