ឧកញ៉ា ជឹង ធានសេង អគ្គនាយកក្រុមហ៊ុន ភ្នំពេញ ព្រីខាល ផ្លេន និងលោកស្រី តាន់ សឺយមួយ បានបរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។
![](https://www.oknha.news/wp-content/uploads/2024/04/11143195_1016530788359169_9082725796894687003_o-1536x1083-1-1024x722.jpg)
កន្លងមក ឧកញ៉ា ជឹង ធានសេង និងលោកស្រី តាន់ សឺយមួយ តែងតែចូលរួមបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជូនដល់កាកបាទក្រហមកម្ពុជា និងចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀតផងដែរ។ ជាក់ស្តែងកាលពីឆ្នាំ២០២០ លោកឧកញ៉ា និងភរិយា បានចូលរួមបរិច្ចាគថិវិកាចំនួន១០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។
សូមជម្រាបថា ខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ នឹងប្រារព្វឡើងក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ថវិកាដែលទទួលបានពីសប្បុរសជន សមាគមជាតិមួយនេះនឹងប្រើប្រាស់ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕