នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប និងអ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជីប ម៉ុង បានអញ្ជើញចូលរួមជាមួយប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជជែកពិភាក្សាលើការងារឧស្សាហកម្មសុីម៉ងត៍នៅកម្ពុជា នៅវិមានសន្តិភាព។

ក្នុងជំនួបខាងលើនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍, ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងនោះ ក៏មានវត្តមាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការមួយចំនួនទៀត។
សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) គឺជាស្ថាប័នមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងអភិវឌ្ឍវិស័យឧស្សាហកម្មស៊ីម៉ងត៍នៅកម្ពុជា។ សមាគមនេះតែងតែរៀបចំកិច្ចប្រជុំជាទៀងទាត់ ដើម្បីពិភាក្សាអំពីស្ថានភាពផលិតកម្ម ការពង្រីកទីផ្សារ និងការស្វាគមន៍សមាជិកថ្មី។ សមាគមនេះមានសមាជិកជាក្រុមហ៊ុនផលិតស៊ីម៉ងត៍សំខាន់ៗ នៅក្នុងប្រទេសកម្ពុជា ដូចជា ក្រុមហ៊ុនកំពត ស៊ីមេន, ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង, ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត និងក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន។
សូមជម្រាបថា សុីម៉ងត៍អូដ្ឋ ជាផលិតផលរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ តែងតែឈរលើស្មារតី ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមចំណែកក្នុងកិច្ចការសង្គម ឧបត្ថម្ភទាំងថរិការ និងសំភារៈ ហើយថ្មីៗនេះក្រុមហ៊ុន ជីប ម៉ុង បានចូលរួមយ៉ាងសកម្ម ឧបត្ថម្ភដល់វីរៈកងទ័ព នៅឯព្រំដែនផងដែរ៕







